កាស៊ីណូ ពីកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវី កាស៊ីណូ និងសណ្ឋាគារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចដកហូតអាជ្ញាបណ្ណបន្ទាប់ពីរកឃើញថាបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ គ.ល.ក. ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ។


ការសម្រេចដកហូតអាជ្ញាបណ្ណកាស៉ីណូនេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពេល គ.ល.ក. បានសហការជាមួយកងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងកាស៊ីណូខាងលើ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការធ្វើទារុណកម្ម និងការរក្សាទុកអាវុធខុសច្បាប់។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងនោះកម្លាំងសមត្ថកិច្ច បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ (ស្រី ១នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន ទូរស័ព្ទចម្រុះចំនួន ១៧៦ គ្រឿង, កុំព្យូទ័រលើតុ (all in one) ចំនួន ៩២ គ្រឿង, Monitor ចំនួន ៤៥ គ្រឿង, CPU ចំនួន ៤៥ គ្រឿង, Laptop ចំនួន ៣៩ គ្រឿង និងឧបករណ៍មួយចំនួនទៀត។ ឧបករណ៍ និងសម្ភារពាក់ព័ន្ធទាំងអស់ត្រូវ បានប្រមូលយកទៅពិនិត្យ និងស្រាវជ្រាវបន្ថែម ខណៈដែលជនសង្ស័យត្រូវបានស៊ើបសួរ និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។
ផ្នែកតាមលទ្ធផលនៃការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យលើឧបករណ៍អេឡិចត្រូនិចរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានរកឃើញ និងកំណត់ថាកាស៊ីណូនេះបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ទន្ទឹមនិងការសម្រេចដកហូតអាជ្ញាបណ្ណនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពជា បានប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល ដោយបន្តសហការស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ និងចែកឆេរ ដោយមិនមានករណីលើកលែង ចំពោះទីតាំងក្រុមហ៊ុនកាស៊ីណូ ទាំងឡាយណា ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ៕

