ហៃណាន៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីជំរុញការផ្សព្វផ្សាយ និងកំណើនភ្ញៀវទេសចរទៅវិញទៅមក។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Liu Xiaoming អភិបាលខេត្តហៃណាន នៅទីក្រុងហៃគូ។ ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពនៃការចុះ MoU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ប្រកបដោយផ្លែផ្កា។
ចំណុចសំខាន់ៗរួមមាន ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តហៃណាន និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ព្រមទាំងការលើកទឹកចិត្តឱ្យមានការជួបប្រជុំរវាងវិស័យឯកជននៃប្រទេសទាំងពីរ។


ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ ក៏បានស្នើឱ្យភាគីហៃណានជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈបណ្តាញផ្សេងៗ និងរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន និង KOLs មកកាន់កម្ពុជា។
គួរបញ្ជាក់ថា កន្លងមកសហគ្រាសទេសចរណ៍ខេត្តហៃណាន បាននាំភ្ញៀវចិនមកកម្ពុជាជាង ៣០ ម៉ឺននាក់ ហើយក្រោយយុទ្ធនាការលើកលែងទិដ្ឋាការ ភាគីទាំងពីរគ្រោងនឹងបង្កើនចំនួនភ្ញៀវឲ្យដល់ ៥០ ម៉ឺននាក់ បន្ថែមទៀត៕

