សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងងើបឡើងវិញក្នុងអត្រា ៥,០% នៅឆ្នាំ២០២៧ និងបន្តកើនដល់មធ្យម ៥,៥% ក្នុងរយៈពេលមធ្យម (២០២៨-២០២៩) បន្ទាប់ពីការវាយតម្លៃថាមានការថមថយល្បឿនមកត្រឹម ៤,២% ក្នុងឆ្នាំ២០២៦ នេះបើយោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

យោងតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៧ បានបង្ហាញឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានសន្ទុះងើបឡើងវិញជាបណ្តើរៗ ដោយស្ថិតក្នុងអត្រា ៥,០% ក្នុងឆ្នាំ២០២៧ និងកើនឡើងជាមធ្យម ៥,៥% សម្រាប់រយៈពេលមធ្យមឆ្នាំ២០២៨-២០២៩។ ទស្សនវិស័យវិជ្ជមាននេះ ត្រូវបានបង្ហាញឡើងបន្ទាប់ពីសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានវាយតម្លៃថានឹងសម្រេចបានកំណើនត្រឹមតែ ៤,២% ប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំងពីការថមថយបន្តិចដែរបើប្រៀបធៀបទៅនឹងអត្រា ៥,៣% កាលពីឆ្នាំ២០២៥ និងទាបជាងអត្រា ៥,០% ដែលធ្លាប់បានរំពឹងទុកនៅក្នុងច្បាប់ថវិកាជាតិកន្លងទៅ។

ការដកថយនៃល្បឿនកំណើនមកត្រឹម ៤,២% ក្នុងឆ្នាំ២០២៦ គឺបណ្តាលមកពីផលប៉ះពាល់ផ្ទួនៗគ្នានៃបញ្ហាប្រឈមធំៗចំនួនបី។ បញ្ហាទីមួយ គឺការកើនឡើងថ្លៃប្រេងឥន្ធនៈអន្តរជាតិ និងសម្ពាធអតិផរណាដែលកើតចេញពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានរុញច្រានតម្លៃថាមពលឱ្យហក់ឡើងកប់ពពក និងជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពផលិតកម្ម កសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ ព្រមទាំងបន្ទច់បង្អាក់ដល់ការចាយវាយទូទៅ។ បញ្ហាទីពីរ គឺឥទ្ធិពលពីបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈភាពតានតឹងនិងការបិទច្រកព្រំដែនកាលពីឆ្នាំ២០២៥ ដែលបានប៉ះពាល់ដល់លំហូរប្រាក់បង្វែរឯកជនពីពលករ វិស័យទេសចរណ៍តាមច្រកព្រំដែន និងការនាំចេញកសិផល។ បញ្ហាទីបី គឺការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទោះបីជាវិធានការច្បាប់ចាំបាច់ក្តី ប៉ុន្តែវាបានបង្កផលប៉ះពាល់រយៈពេលខ្លីដល់សេដ្ឋកិច្ច ជាពិសេសគឺការបាត់បង់ចំណូលដែលធ្លាប់គាំទ្រដល់វិស័យសំណង់ អចលនទ្រព្យ និងការប្រើប្រាស់ក្នុងស្រុក។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាលនៅតែរំពឹងថា សេដ្ឋកិច្ចនឹងចាប់ផ្តើមរងើបឡើងវិញជាជំហានៗចាប់ពីឆ្នាំ២០២៧ តទៅ ដោយផ្អែកលើការរីកចម្រើននៃវិស័យស្នូលសំខាន់ៗ។ ក្នុងនោះ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងដឹកនាំមុខគេជាមួយកំណើន ៧,៣% ក្នុងឆ្នាំ២០២៧ និង ៧,៦% ក្នុងឆ្នាំ២០២៨-២០២៩ តាមរយៈការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញនៃអនុវិស័យកាត់ដេរ រួមទាំងការកើនឡើងនៃឧស្សាហកម្មមិនមែនកាត់ដេរ ដូចជាគ្រឿងបង្គំអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។ វិស័យសេវាកម្មនឹងទទួលបានកំណើន ៣,៨% ក្នុងឆ្នាំ២០២៧ និងងើបឡើងដល់ ៤,៥% ក្នុងរយៈពេលមធ្យម ដោយសារការស្តារឡើងវិញនៃវិស័យបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងទេសចរណ៍ ទោះបីជាវិស័យសំណង់និងអចលនទ្រព្យងើបឡើងក្នុងល្បឿនយឺតក៏ដោយ។ ចំណែកឯវិស័យកសិកម្ម គឺនៅតែបន្តរក្សាស្ថិរភាពកំណើនក្នុងរង្វង់ ១,២% ទៅ ១,៣% តាមរយៈវឌ្ឍនភាពនៃអនុវិស័យដំណាំ នេសាទ និងការចិញ្ចឹមសត្វ។ ជាមួយគ្នានេះ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានព្យាករថានឹងមានភាពល្អប្រសើរ ដោយអត្រាអតិផរណានៅបន្តរក្សាបានក្នុងរង្វង់ ២,៥% ចំណែកឯអត្រាប្តូរប្រាក់ផ្លូវការរំពឹងថានឹងស្ថិតក្នុងរង្វង់ ៤ ០៥០ រៀល ក្នុងមួយដុល្លារអាម៉េរិក។

ទោះជាមានការព្យាករណ៍ល្អប្រសើរក្តី របាយការណ៍បានគូសបញ្ជាក់ថា កម្ពុជានៅតែស្ថិតក្នុងរង្វង់ហ៊ុមព័ទ្ធដោយហានិភ័យខាងក្រៅ ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល សង្គ្រាមពាណិជ្ជកម្ម និងតម្លៃថាមពល។ រីឯបញ្ហាជារចនាសម្ព័ន្ធផ្ទៃក្នុង រួមមាន កម្រិតគុណភាពកម្លាំងពលកម្ម ថ្លៃដើមធុរកិច្ចខ្ពស់ និងល្បឿនយឺតនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏នៅតែជាឧបសគ្គដែលត្រូវដោះស្រាយ។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវអភិក្រមគន្លឹះពីរទន្ទឹមគ្នា គឺវិធានការចំពោះមុខដែលផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងវិធានការរយៈពេលមធ្យមនិងវែង ក្នុងការជំរុញការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ បង្កើនភាពប្រកួតប្រជែង និងការកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តកម្មវិធីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឆ្នាំ២០២៥-២០២៨ សំដៅធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕

Share.