ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកចំនួន៣០៥នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ បន្ទាប់ពីស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ មានភាពធូរស្រាលក្រោយបទឈប់បាញ់ចូលជាធរមាន។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤ម៉ឺននាក់ មានជិត៦២ម៉ឺននាក់ ឬស្មើជាង៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ ខណៈនៅសល់ជាង៣ម៉ឺននាក់ទៀត មិនទាន់អាចត្រឡប់បាន។ ក្រសួងក៏បានឱ្យដឹងដែរថា សាលារៀន និងមណ្ឌលសុខភាពមួយចំនួន នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ នៅតែបន្តផ្អាកដំណើរការ ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានបន្តគាំទ្រការដោះស្រាយបញ្ហាព្រំដែន និងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ តាមយន្តការច្បាប់អន្តរជាតិ និង UNCLOS ដោយសន្តិវិធី៕

Share.