ត្បូងឃ្មុំ៖ កម្លាំងនគរបាលស្រុកពញាក្រែក បានឃាត់ខ្លួនជនជាតិចិន ២នាក់ បន្ទាប់ពីពួកគេដើរចូលស្នាក់ការគយចល័តតំបន់៦ ដោយគ្មានការអនុញ្ញាត ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៧:៣០នាទីយប់។

ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ និងនាំខ្លួនជនទាំងពីរមកសួរនាំ ក្រោមការសម្របសម្រួលពីតំណាងអយ្យការខេត្តត្បូងឃ្មុំ។
ជនជាតិចិនទាំងពីរនាក់រួមមាន ឈ្មោះ YIN HONGFA អាយុ ១៨ឆ្នាំ មកពីខេត្តហ៊ូណាន និងឈ្មោះ HUANG FUJI អាយុ ១៧ឆ្នាំ មកពីខេត្តគ័ងស៊ី ប្រទេសចិន ដែលពុំមានលិខិតឆ្លងដែន។

តាមការឆ្លើយបំភ្លឺ ពួកគេបានអះអាងថា ធ្លាប់ធ្វើដំណើរចូលកម្ពុជាតាមផ្លូវទឹក និងធ្វើការនៅខេត្តកណ្តាល ប៉ុន្តែមិនទទួលបានប្រាក់ខែ។ បន្ទាប់មកត្រូវបានបញ្ជូនទៅតំបន់ជិតព្រំដែនកម្ពុជា-វៀតណាម ហើយក្រោយមកត្រូវបានទម្លាក់ចុះពីរថយន្ត មុនពេលដើររកជំនួយពីប្រជាពលរដ្ឋ និងសមត្ថកិច្ច។


ជនទាំងពីរបានសំណូមពរឱ្យអាជ្ញាធរជួយបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធីតាមច្បាប់។
អត្ថបទ៖ អាចារ្យលាក់

