ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកកាយរបាយការណ៍លទ្ធផលការងារយ៉ាងក្ដៅគគុកក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ព្រមទាំងបានចេញមុខអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ឱ្យផ្អាកសកម្មភាពថតរូប ឬផ្សាយបន្តផ្ទាល់ (Live) ភ្លាមៗ នៅពេលឃើញសមត្ថកិច្ចកំពុងចុះប្រតិបត្តិការ ដើម្បីបង្ការការបែកធ្លាយព័ត៌មានសម្ងាត់ដល់ក្រុមឧក្រិដ្ឋជន។

សូមចុចអាន៖ ក្មេងទំនើង គ្រឿងញៀន និងបារីអេឡិចត្រូនិច នៅតែជាគោលដៅសំខាន់ ដែលអាជ្ញាធរត្រូវលុបបំបាត់

នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ដល់ទិន្នន័យផ្លូវការថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកយុទ្ធនាការបង្ក្រាបសរុបបានចំនួន ២,៣១០ ករណី ដោយក្នុងនោះបានឃាត់ខ្លួនជនសង្ស័យសរុប ៥,៧៤០ នាក់ (ស្រី ៣៨៦ នាក់) រួមមានជនបរទេសចំនួន ៣២០ នាក់ (ស្រី ៥៦ នាក់)។ ជាមួយគ្នានោះ សមត្ថកិច្ចបានចាប់យកសារធាតុញៀន សម្ភារៈសម្រាប់កែច្នៃ និងមធ្យោបាយប្រព្រឹត្តបទល្មើសមួយចំនួនធំ ហើយគ្រឿងញៀនដែលសមត្ថកិច្ចចាប់បានភាគច្រើនបំផុតគឺប្រភេទ មេតំហ្វេតាមីន (Methamphetamine), កេតាមីន (Ketamine) និងអ៊ិចស្តាស៊ី (Ecstasy)។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានពន្យល់ថា សភាពការណ៍គ្រឿងញៀនបច្ចុប្បន្នទាំងក្នុងតំបន់ និងអន្តរជាតិ មានការប្រែប្រួលប្រកបដោយហានិភ័យខ្ពស់ ដោយក្រុមឧក្រិដ្ឋជនបានប្ដូរយុទ្ធសាស្ត្រពីការផលិតអាភៀន មកផលិតគ្រឿងញៀនសំយោគវិញ ព្រោះងាយស្រួលផលិត មិនរើសភូមិសាស្ត្រ និងងាយរកសារធាតុគីមីផ្សំ ដែលធ្វើឱ្យគ្រឿងញៀនដែលបង្ក្រាបបានមានកម្រិតភាពសុទ្ធកាន់តែខ្ពស់ ងាយញៀន និងប៉ះពាល់ដល់ប្រព័ន្ធប្រាសាទធ្ងន់ធ្ងរ។

• ការសំណូមពរ និង វិនាសកម្មនៃការ «ថត Live» បំបែកព័ត៌មានសមត្ថកិច្ច
ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការផ្ទាល់ ឯកឧត្ដមប្រធានមន្ទីរ បានសម្ដែងការព្រួយបារម្ភ និងដាស់តឿនចំៗទៅលើការលេងបណ្ដាញសង្គមថា៖ «នៅពេលដែលសមត្ថកិច្ចទៅបង្ក្រាប ហើយបងប្អូនប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានដែលផ្សព្វផ្សាយភ្លាមៗ (ថត ឬ Live) គឺធ្វើឱ្យបែកព័ត៌មាន ធ្វើឱ្យឧក្រិដ្ឋជន ឬមេខ្លោងធំៗ ដែលមានអង្គការចាត់តាំងច្បាស់លាស់ ដឹងខ្លួន ហើយរត់គេចខ្លួនបាន ឬពួកឧក្រិដ្ឋជនអាចបំផ្លាញភស្តុតាង ពិសេសគឺបណ្ដាលឲ្យបែកធ្លាយការសម្ងត់ក្នុងការស៊ើបអង្កេត របស់សមត្ថកិច្ច »

លោកបានបន្ថែមថា បើមានចម្ងល់ពីការចុះបង្ក្រាប (មិនថាការចុះការងារបែបស៊ីវិល ឬឯកសណ្ឋាន) សូមទាក់ទងមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបំភ្លឺជាជាងការបង្ហោះភ្លាមៗ។
ក្រៅពីនេះ ឯកឧត្ដម ក៏បានបង្ហាញពីផលលំបាកក្នុងភូមិសាស្ត្រព្រំដែនភាគឥសាន (ខេត្តស្ទឹងត្រែង និងព្រះវិហារ) ដែលក្រុមឧក្រិដ្ឋជនបានយកជាផ្លូវចរាចរគ្រឿងញៀន។ ដោយសារតំបន់នោះសម្បូរព្រៃភ្នំក្រាស់ៗ និងខ្សែទឹកទន្លេជាប់គ្នា ដែលងាយស្រួលឱ្យទូកចល័តឆ្លងកាត់ត្រឹម ៥ ទៅ ១០នាទី ជាមួយគ្នានេះ ក្រុមឧក្រិដ្ឋជនឆ្លងដែនបានប្រើបច្ចេកទេសបោកប្រាស់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ដែលខ្វះចំណេះដឹង និងខ្វះខាតថវិកា ឱ្យក្លាយជាអ្នកដឹកជញ្ជូនគ្រឿងញៀន។ «ពួកវាភូតកុហកពលរដ្ឋថាជារបស់សម្ភារៈថ្នាំពេទ្យ ឬជាបន្លែបង្ការ ដើម្បីឱ្យពលរដ្ឋយើងស្ពាយឆ្លងកាត់ព្រៃភ្នំយកមកលាក់ទុកក្នុងព្រៃជ្រៅ ដោយពួកគាត់អត់ដឹងថាជាគ្រឿងញៀនឡើយ»។

លោកបានបញ្ជាក់ថា ធាតុពិតកម្ពុជាគឺជាប្រទេសរងគ្រោះ ដែលក្រុមឧក្រិដ្ឋជនលួចលាក់យកធ្វើជាទីតាំងឆ្លងកាត់ដើម្បីនាំចេញទៅប្រទេសទីបី តាមរយៈលម្ហសមុទ្រ ផ្លូវគោក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍។


យន្តការស្នូលទាំង ៤ ផ្អែកលើបទបញ្ជារាជរដ្ឋាភិបាល
ទោះជាយ៉ាងណា ផ្អែកលើស្មារតីនៃបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការចង្អុលបង្ហាញដាច់ខាតពី ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់ ឯកត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ព្រុំ សន្ធរ អគ្គស្នងការរង នឹងបន្តពង្រឹងវិធានការចម្រុះទាំង ៤ ជារៀងរាល់ថ្ងៃ រួមមាន៖

១. វិធានការជំនាញ (ប្រតិបត្តិការសម្ងាត់)៖ ផ្ដោតលើការស្រាវជ្រាវ និងស៊ើបអង្កេតស៊ីជម្រៅ ដោយប្រើប្រាស់កម្លាំងភ្នាក់ងារសម្ងាត់ដើម្បីអូសក្រឡា និងជ្រៀតចូលទៅក្នុងបណ្ដាញចាត់តាំងរបស់ក្រុមឧក្រិដ្ឋជន តាមរយៈព័ត៌មានចំហ និងសម្ងាត់ដែលទទួលបានពីដៃគូសហការ។

២. វិធានការរដ្ឋបាលចំហ៖ បង្កើនការចុះត្រួតពិនិត្យរដ្ឋបាលជាចំហនៅតាមទីសាធារណៈ ចំណុចគន្លឹះដងផ្លូវ និងទីកន្លែងប្រមូលម្ដុំនានាដែលមានការសង្ស័យ ដើម្បីស្វែងរកអាវុធជាតិផ្ទុះ សារធាតុគីមីផ្សំ និងការចរាចរណ៍គ្រឿងញៀនខុសច្បាប់។

៣. វិធានការផ្សព្វផ្សាយអប់រំ៖ ដាស់ស្មារតីសាធារណជនឱ្យយល់ដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃញៀន ដែលជាក់ស្ដែងក្នុងពេលឆាប់ៗខាងមុខនេះ មន្ទីរមានផែនការបើកយុទ្ធនាការអប់រំខ្នាតធំចុះផ្សព្វផ្សាយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្តតាកែវ។

៤. វិធានការកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ៖ ពង្រឹងទំនាក់ទំនង និងចែករំលែកព័ត៌មានសម្ងាត់ទាន់ហេតុការណ៍ជាមួយបណ្ដាប្រទេសជាមិត្ត និងទីភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិធំៗ ព្រមទាំងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងក្របខ័ណ្ឌជាតិទាំងមូល ដើម្បីរួមដៃគ្នាវាយកម្ទេចឫសគល់នៃបទល្មើសគ្រឿងញៀន។

សារដាស់តឿន និងបណ្ដាញទំនាក់ទំនងរាយការណ៍បន្ទាន់ (Hotline)

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានផ្ញើសារអប់រំយ៉ាងមានអត្ថន័យទៅកាន់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមមេត្តាជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត ព្រោះវាបង្កវិនាសកម្មធ្ងន់ធ្ងរដូចជា៖ បង្កអសន្តិសុខសង្គម (លួច ឆក់ ប្លន់), បំផ្លាញធនធានមនុស្ស, ខាតបង់ទ្រព្យគ្រួសារ, បង្កហិង្សាក្នុងផ្ទះ និងបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះក្នុងសង្គម។

ជាចុងក្រោយ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ប្រសិនបើបានដឹង លឺ ឬបានឃើញទីតាំងលួចលាក់ កែច្នៃ ឬជួញដូរគ្រឿងញៀន សូមមេត្តារាយការណ៍ជាបន្ទាន់មកកាន់សមត្ថកិច្ច តាមរយៈលេខទូរស័ព្ទ Hotline ៖
📱 ប្រព័ន្ធ Cellcard៖ លេខ ៦៧០ ឬ ០១១ ២៤ ៨៨៨៨
📱 ប្រព័ន្ធ Smart៖ លេខ ០៩៣ ៤៥៦ ៨៨៨

«ការផ្ដល់ព័ត៌មានទាន់ពេលវេលារបស់បងប្អូនប្រជាពលរដ្ឋ គឺជាការរួមចំណែកដ៏ធំធេង ក្នុងការរួមដៃគ្នាជាមួយសមត្ថកិច្ច ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសគ្រឿងញៀនឱ្យអស់ពីសហគមន៍»។ នេះជាការសង្កត់ធ្ងន់បែបប្ដេជ្ញាចិត្តរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់៕

Share.