ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា បទល្មើសគ្រឿងញៀនបច្ចុប្បន្នកំពុងវិវត្តកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ខណៈក្រុមឧក្រិដ្ឋជនប្រើប្រាស់ទាំងអាវុធ បច្ចេកវិទ្យាទំនើប និងបណ្តាញឆ្លងដែន ដើម្បីគេចវេសពីការបង្ក្រាបរបស់សមត្ថកិច្ច។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានត្រយងញូវស៍ លោកបានលើកឡើងថា ឧក្រិដ្ឋជនតែងតែជ្រើសរើសតំបន់ភូមិសាស្ត្រស្មុគស្មាញ ដើម្បីធ្វើសកម្មភាពចរាចរ កែច្នៃ ជួញដូរ និងរក្សាទុកគ្រឿងញៀន មុននឹងចែកចាយចេញទៅទីផ្សារ
ព្រមទាំងបំពាក់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមតដៃជាមួយសមត្ថកិច្ច។
លោកបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនៅខេត្តតាកែវ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ក្រុមឧក្រិដ្ឋជនបានបាញ់តដៃ បណ្តាលឱ្យមន្ត្រីអនុវត្តច្បាប់ ២រូប រងរបួសធ្ងន់។ ជាមួយគ្នានេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក៏មានមន្ត្រីសមត្ថកិច្ច ៣រូប បានពលីជីវិតក្នុងបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

ពាក់ព័ន្ធនឹងល្បិចកលរបស់បណ្តាញឧក្រិដ្ឋជន លោក អ៊ិន សុង បានពន្យល់ថា មេខ្លោងធំៗភាគច្រើនជាជនបរទេស និងស្ថិតនៅក្រៅប្រទេស ដោយប្រើប្រាស់បណ្តាញចាត់តាំងបែប «កាត់ផ្តាច់ព័ត៌មាន» មិនឱ្យសមាជិកស្គាល់គ្នា ដែលធ្វើឱ្យការស្រាវជ្រាវស្វែងរកមេខ្លោងពិតប្រាកដកាន់តែលំបាក។
ក្រៅពីនេះ ក្រុមឧក្រិដ្ឋជនក៏បានប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគណនីអនឡាញគ្មានអត្តសញ្ញាណ ឬអត្តសញ្ញាណក្លែងក្លាយ ក្នុងការទាក់ទង និងជួញដូរ ដែលជាបញ្ហាប្រឈមថ្មីសម្រាប់សមត្ថកិច្ចជំនាញ។

លោកនាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសង្កត់ធ្ងន់ថា កិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស គឺជាគន្លឹះសំខាន់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។ កិច្ចសហការនេះ ត្រូវផ្តោតលើការចែករំលែកព័ត៌មានសម្ងាត់ ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសជំនាញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបសរុប ២,៣១០ ករណី និងឃាត់ខ្លួនជនសង្ស័យ ៥,៧៤០ នាក់ ក្នុងនោះមានជនបរទេស ៣២០ នាក់។ សមត្ថកិច្ចក៏បានរឹបអូសសារធាតុញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ ដោយគ្រឿងញៀនដែលចាប់បានភាគច្រើនរួមមាន មេតំហ្វេតាមីន (Methamphetamine) កេតាមីន (Ketamine) និងអ៊ិចស្តាស៊ី (Ecstasy)៕

