ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងផ្ទះមួយកន្លែង និងបានឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ ជាប់ពាក់ព័ន្ធករណីរក្សាទុក និងផលិតលិខិតឆ្លងដែន ព្រមទាំងទិដ្ឋាការ (Visa) ក្លែងក្លាយ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ នៅចំណុចផ្ទះលេខ ០៥ ផ្លូវ A០២ បុរី ជីបម៉ុង ហ្គ្រេនភ្នំពេញសុីធី (ផ្លូវ១០១៩) ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សម្ភារៈ និងវត្ថុតាងដែលដកហូតបាន៖
នៅក្នុងការចុះឆែកឆេរទីតាំងស្នាក់នៅខាងលើ សមត្ថកិច្ចបានរកឃើញជនជាតិចិនសរុបចំនួន ០៥នាក់ (ប្រុស) ដែលក្នុងនោះមាន ០៣នាក់សង្ស័យថាកាន់លិខិតឆ្លងដែនក្លែងក្លាយ ព្រមទាំងបានដកហូតសម្ភារៈភស្តុតាងមួយចំនួនធំ រួមមាន៖
- លិខិតឆ្លងដែនក្លែងក្លាយជនជាតិចិន ចំនួន ៤៨ក្បាល
- បណ្ណការងារជនបរទេស ចំនួន ៤៥កាត
- ត្រា ចំនួន ០៥ត្រា
- ស្ទិកខ័របិទបញ្ជាក់សុពលភាពទិដ្ឋាការ (Visa) មួយចំនួន
- កុំព្យូទ័រយួរដៃ (Laptop) ចំនួន ០១គ្រឿង
- តាំប៉ុងពណ៌ក្រហម ០២ និងទឹកថ្នាំត្រាពណ៌ក្រហម ០៣ដប។

ក្រោយពីការសាកសួរជាបឋម សមត្ថកិច្ចបានសន្និដ្ឋានថា ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើស «ក្លែងឯកសារសាធារណៈ» តាមរយៈសកម្មភាពរក្សាទុក និងផលិតលិខិតឆ្លងដែនក្លែងក្លាយ សៀវភៅការងារជនបរទេសក្លែងក្លាយ និងទិដ្ឋាការស្នាក់នៅ (Visa) ក្លែងក្លាយសម្រាប់ជនជាតិចិន។
បច្ចុប្បន្ន ដោយសារមានការអនុញ្ញាតពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារង ជនជាតិចិនទាំង ៥នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


អត្ថបទ៖តាខ្មៅ
