ឈៀងម៉ៃ៖ ព្រឹត្តិការណ៍បង្ក្រាបហាងខារ៉ាអូខេមួយកន្លែងនៅកណ្តាលក្រុងឈៀងម៉ៃ កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ ដែលឈានទៅដល់ការឃាត់ខ្លួនពលករមីយ៉ាន់ម៉ា ១២នាក់ បានក្លាយជាចំណុចដុតបញ្ឆេះការជែកដេញដោលជាថ្មី អំពីភាពមិនស៊ីសង្វាក់គ្នារវាង «ការអនុវត្តច្បាប់» និង «តម្រូវការសេដ្ឋកិច្ចពិតប្រាកដ» នៅក្នុងប្រទេសថៃ។
ខណៈដែលចំណាត់ការនេះមើលទៅដូចជាការរឹតបន្តឹងសន្តិសុខធម្មតា វាកំពុងបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់នូវរូបភាពដ៏គួរឱ្យហួសចិត្តមួយគឺ រដ្ឋាភិបាលថៃកំពុងប្រើប្រាស់ច្បាប់រដ្ឋបាលដ៏រឹងត្អឹង ដើម្បីដេញចាប់ពលកម្មដែលខ្លួនកំពុងខ្វះខាត។

នៅក្នុងប្រតិបត្តិការដឹកនាំដោយឧត្តមសេនីយ៍ទោ អូឡាន អៀមប្រាផាត (Olan Iampraphat) អាជ្ញាធរបានរកឃើញថា ពលករទាំង ១២នាក់នោះ មិនមែនជាអ្នកលួចលាក់ចូលស្រុកខុសច្បាប់ឡើយ ពួកគេសុទ្ធតែមានប័ណ្ណការងារត្រឹមត្រូវ។ កំហុសតែមួយគត់ដែលធ្វើឱ្យពួកគេត្រូវរងការចោទប្រកាន់ គឺគ្រាន់តែ «ឈ្មោះថៅកែនៅលើក្រដាស មិនត្រូវនឹងថៅកែជាក់ស្តែង» ដោយសារតែការរាយការណ៍ផ្លាស់ប្តូរការងារយឺតយ៉ាវហួសកំណត់ ១៥ថ្ងៃ។
ការប្រើប្រាស់ព្រះរាជក្រឹត្យគ្រប់គ្រងពលករ ដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើកំហុសរដ្ឋបាលបន្តិចបន្តួចបែបនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ជាការអនុវត្តច្បាប់ដែលខ្វះការយោគយល់ និងមើលរំលងតថភាពសង្គម ស្របពេលដែលពលករចំណាកស្រុកកំពុងក្លាយជាសរសៃឈាមរស់នៃអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសថៃ។
ស្របពេលប៉ូលិសថៃកំពុងមមាញឹកក្នុងការដេញឆែកឯកសារ និងចាប់ចងពលកររឿងខុសឈ្មោះថៅកែ នៅឯផ្នែកមួយទៀតនៃប្រទេស វិស័យសេដ្ឋកិច្ចជាតិថៃកំពុងស្ថិតក្នុងភាពរង្គោះរង្គើ ដោយសារតែកង្វះកម្លាំងពលកម្ម។

បើយោងតាមសភាពាណិជ្ជកម្មថៃ (TCC) ប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក ដោយសារតែកង្វះពលករ ជាពិសេសពលករកម្ពុជា ព្រោះតែចំនួនពលករកម្ពុជាធ្លាក់ចុះយ៉ាងគំហុក ធ្លាក់ចុះពីប្រមាណ ៥៥០,០០០នាក់មកសល់ត្រឹមតែ ១៩៤,០០០នាក់ប៉ុណ្ណោះ ដែលភាគច្រើនបណ្តាលមកពីជម្លោះព្រំដែនកាលពីឆ្នាំមុន និងប្រព័ន្ធបន្តទិដ្ឋាការដ៏យឺតយ៉ាវរបស់ថៃ។ កត្តាកង្វះពលករចំពេលរដូវប្រមូលផលផ្លែឈើនៅភាគខាងកើត និងរដូវនាំចេញអង្ករ កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ថៃ។
ដើម្បីដោះស្រាយវិបត្តិដែលខ្លួនឯងជាអ្នកបង្កើតឡើង លោក វិប៊ូន សុភាកានពង្សគុល (Wiboon Suphakarnpongkul) អនុប្រធានសភាពាណិជ្ជកម្មថៃ បានបង្ខំចិត្តជម្រុញឱ្យរដ្ឋាភិបាលបត់បែន ដោយពន្យារទិដ្ឋាការការងារជាបន្ទាន់ពី ៣ ទៅ ៦ខែ និងត្រៀមរត់ទៅរកការចរចាជាមួយប្រទេសឆ្ងាយៗដូចជា ស្រីលង្ការ បង់ក្លាដែស និងឥណ្ឌូនេស៊ី ដើម្បីនាំចូលពលករជំនួសវិញ។
រឿងរ៉ាវនៅឈៀងម៉ៃ និងការស្រែកថ្ងូររបស់វិស័យឯកជនថៃ គឺជាភស្តុតាងយ៉ាងច្បាស់នៃ «ភាពមិនចុះសម្រុងគ្នានៃគោលនយោបាយរដ្ឋ»។ ស្ថាប័នច្បាប់បន្តរឹតបន្តឹង និងដេញលាក់ចាប់ពលករជិតខាងដោយសារតែរឿងក្តីបច្ចេកទេសតូចតាច ប៉ុន្តែស្ថាប័នសេដ្ឋកិច្ចបែរជាដើរដង្ហោយសុំអង្វររកពលករទៅវិញ។ ប្រសិនបើរដ្ឋាភិបាលថៃនៅតែបន្តអនុវត្តច្បាប់អន្តោប្រវេសន៍បែប «រឹងត្អឹង» និងខ្វះភាពបត់បែនបែបនេះ វាមិនខុសអីពីការដើរនយោបាយ «សម្លាប់សេដ្ឋកិច្ចជាតិខ្លួនឯង» នោះឡើយ៕

