តាមរដ្ឋបាលស្រុកអង្គរបូរីបានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី បានចុះឃាត់រថយន្តចំនួនពីរគ្រឿង ដែលលួចដឹកសាច់បង្កកនាំចូលដោយខុសច្បាប់ សរុបចំនួន ៣៨៨ កេស (ស្មើនឹង ៣,០៤២ គីឡូក្រាម)។ ប្រតិបត្តការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។

លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចេញបទបញ្ជាឱ្យមានការបង្ក្រាបនេះ ដោយកម្លាំងអធិការដ្ឋានដែលដឹកនាំដោយ លោក នួន ប៉ិន អធិការនគរបាលស្រុក និងមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត សាខាក.ប.ប.ខេត្តតាកែវ ការិយាល័យគយ និងរដ្ឋាករបាក់ដៃ បានចុះឃាត់រថយន្តទាំងពីរគ្រឿង ព្រមទាំងដកហូតសាច់បង្កកខុសច្បាប់ទាំងអស់។
បន្ទាប់ពីការឃាត់ខ្លួន ដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍របស់ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ក្រុមការងារបានសម្រេចដុតកម្ទេចសាច់បង្កកទាំងនោះចោល នៅរណ្ដៅសម្រាមទួលស្លែង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

សូមបញ្ជាក់ថា វិធានការនេះធ្វើឡើងក្នុងគោលបំណងការពារសុខភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ការនាំចូលសាច់ដែលគ្មានសុវត្ថិភាព ព្រមទាំងពង្រឹងការអនុវត្តច្បាប់ស្តីពីការនាំចូលទំនិញ និងអាហារដោយខុសច្បាប់នៅតាមព្រំដែនខេត្តតាកែវ៕

