កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង ០៥ និង ៣៧នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចភ្លើងស្តុបសិត្បូ លើមហាវិថីស៊ីជីន ពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) កែងផ្លូវជាតិលេខ ២១A ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ហេតុការណ៍នេះកើតឡើងរវាងរថយន្តពីរ និងបង្គោលភ្លើងបំភ្លឺផ្លូវ ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

តាមការបញ្ជាក់ពីសមត្ថកិច្ច រថយន្តបង្កហេតុម៉ាក SCANIA ប្រភេទក្បាលសណ្ដោង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-5130 និងសណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 4A-9566 បើកបរពីទិសកើតទៅលិច (កៀនស្វាយ-តាខ្មៅ)។ ពេលមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តមួយគ្រឿងផ្សេងទៀតដែលកំពុងឈប់ស្តុបភ្លើងក្រហម ហើយបន្តគេចទៅឆ្វេងឡើងលើឃឿនទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ចំនួន ១ដើម។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានគេចខ្លួន ខណៈរថយន្តរងការខូចខាតយ៉ាងធ្ងន់។

បច្ចុប្បន្ន មធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអង្គភាពស្ពានថ្នល់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ មូលហេតុបឋម ត្រូវបានបញ្ជាក់ថា បណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងមិនពិនិត្យស្ថានភាពផ្លូវឲ្យបានច្បាស់លាស់៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.