ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា របបខ្យល់មូសុងនិរតីកំពុងបក់គ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាបន្តមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

តាមសេចក្តីជូនដំណឹង តំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមាពី ២៤ ដល់ ២៦អង្សាសេ និងអតិបរមាពី ៣២ ដល់ ៣៤អង្សាសេ ដោយអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតមធ្យមទៅច្រើន នៅខេត្តបន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ កំពត និងក្រុងភ្នំពេញ។

ដោយឡែក តំបន់ខ្ពង់រាប នឹងមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើនផងដែរ ជាពិសេសនៅខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម។
សម្រាប់តំបន់មាត់សមុទ្រ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈសមុទ្រអាចមានរលកខ្ពស់ពី ០.៥ម៉ែត្រ ទៅ ១ម៉ែត្រ។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ។



