កណ្ដាល៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលស្រុកពញាឮ ខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់តូបលួចទូរសព្ទ) និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៣:១០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅតូបលក់ទូរសព្ទមួយកន្លែង ស្ថិតក្នុងភូមិម្លូម៉ឺន(លិច) ឃុំផ្សារដែក ស្រុកពញាឮ។
ជនរងគ្រោះឈ្មោះ ម៉េត សុខឈិញ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់ទូរសព្ទ បានរកឃើញថាតូបរបស់ខ្លួនត្រូវបានគាស់សោ បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាព ហើយបានឃើញជនសង្ស័យម្នាក់ចូលលួចយកទូរសព្ទជាច្រើនគ្រឿង។


ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង ស្រ៊ុន ភេទប្រុស អាយុ ១៩ឆ្នាំ។ លទ្ធផលធ្វើតេស្តទឹកនោមបង្ហាញថា មានសារធាតុញៀនវិជ្ជមាន (+) ហើយជននេះក៏ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារចំនួន ៣លើកផងដែរ។
សមត្ថកិច្ចបានដកហូតវត្ថុតាងជាទូរសព្ទដៃចំនួន ៧គ្រឿង និងសម្ភារៈពាក់ព័ន្ធផ្សេងៗ។ ជនសង្ស័យបានសារភាពថា បានគាស់តូបលួចទូរសព្ទ ហើយយកទៅចែកឱ្យអ្នកស្គាល់ និងប្រើប្រាស់ផ្ទាល់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

