ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះអនុវត្តរដ្ឋបាល និងឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ក្នុងនោះមានម្ចាស់ទីតាំង ២នាក់ជាប្តីប្រពន្ធ ដែលសង្ស័យថាបានផ្តល់ទីតាំងលួចលាក់ឲ្យអនីតិជនប្រើប្រាស់សម្រាប់សកម្មភាពមិនសមរម្យ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានក្មេងប្រុសស្រីជាច្រើនគេចពីសាលា មកប្រមូលផ្តុំ និងចេញចូលទីតាំងមួយដោយមានការបិទទ្វារជិត។

ក្រុមការងារដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅផ្ទះលេខ 60 និងលេខ 68 ផ្លូវ 10ម៉ែត្រ បុរីពិភពថ្មីសែនសុខ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី។

ក្នុងពេលចុះត្រួតពិនិត្យ នៅផ្ទះលេខ 60 ជាន់ទី១ សមត្ថកិច្ចបានប្រទះឃើញអនីតិជនប្រុសស្រីចំនួន ២នាក់នៅក្នុងបន្ទប់ ដែលបង្កការសង្ស័យថាត្រូវបានផ្តល់ទីតាំងសម្រាប់សកម្មភាពមិនសមរម្យ។

បន្ទាប់ពីសួរនាំ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សទាំង ១០នាក់ ហើយបញ្ជូន ៩នាក់ ទៅការិយាល័យជំនាញ ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់។ បច្ចុប្បន្ន ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កំពុងចាត់ការបន្ត៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.