ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានចាត់តំណាងចូលរួមរំលែកទុក្ខ និងនាំយកថវិកា ព្រមទាំងស្បៀងអាហារ ប្រគល់ជូនគ្រួសារសពបុរសម្នាក់ អាយុ៤០ឆ្នាំ ដែលបានស្លាប់ដោយឧបទ្ទវហេតុបាក់មែកឈើសង្កត់ពីលើ អំឡុងពេលមានភ្លៀង និងខ្យល់កន្ត្រាក់។

ការចូលរួមរំលែកទុក្ខនេះ ដឹកនាំដោយលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ និងលោក ស្រេង គឹមស្រ៊ន នាយករដ្ឋបាលខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ ដោយបាននាំយកថវិកាចំនួន ២លានរៀល អង្ករ ៣បាវ ទឹកសុទ្ធ និងភេសជ្ជៈ ជូនដល់ក្រុមគ្រួសារ ដើម្បីជួយសម្រួលក្នុងការរៀបចំបុណ្យសពតាមប្រពៃណី។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង១០នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខណៈបុរសកំពុងអង្គុយស្ងោរពងក្រួច ស្រាប់តែភ្លៀង ខ្យល់កន្ត្រាក់ បាក់រលំដើមត្រសេក សង្កត់ស្លាប់ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អត្ថបទ៖តាតុងសែនជ័យ

Share.