ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកាស៊ីណូ «យីងហ័ង» ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៦នាក់ ក្នុងនោះជនជាតិចិន ៦៤នាក់ និងជនជាតិខ្មែរ ២នាក់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថ និងការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។



កម្លាំងប្រតិបត្តិការចំនួនប្រមាណ ៤០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី បានចុះបង្ក្រាបទីតាំងខាងលើ ដោយរកឃើញសកម្មភាពសង្ស័យពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖
- កុំព្យូទ័រ ៦២គ្រឿង
- ទូរសព្ទដៃ ៤២៨គ្រឿង
- អាវុធខ្លី ១ដើម និងគ្រាប់កាំភ្លើង ៨គ្រាប់
- លិខិតឆ្លងដែន ២៥ក្បាល និងកាតមួយចំនួន
ក្នុងចំណោមជនដែលត្រូវបានឃាត់ខ្លួន មានមេក្លោង ៣នាក់ ជាជនជាតិចិន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ខណៈជនសង្ស័យផ្សេងទៀត កំពុងស្ថិតក្រោមការសាកសួរ និងចាត់ការបន្ត។
អាជ្ញាធរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam នឹងបន្តអនុវត្តយ៉ាងតឹងរឹង ដើម្បីរក្សាសន្តិសុខសង្គម និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

