ញូដេលី៖ អាជ្ញាធរឥណ្ឌាបានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ម្សិលមិញនេះថា មនុស្សយ៉ាងហោចណាស់ ១៦នាក់បានបាត់បង់ជីវិតដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែកម្តៅថ្ងៃក្ដៅខ្លាំងនៅភាគខាងត្បូងប្រទេស ខណៈដែលរលកកម្តៅខ្លាំងកំពុងវាយប្រហារពាសពេញផ្ទៃប្រទេស បន្ទាប់ពីមានការព្រមានជាផ្លូវការពីក្រសួងសុខាភិបាល។

មែនទែនទៅប្រទេសឥណ្ឌា មិនមែនជាប្រទេសចម្លែកឡើយចំពោះអាកាសធាតុក្តៅខ្លាំងនៅរដូវក្តៅ ប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនឆ្នាំបានរកឃើញថា ការប្រែប្រួលអាកាសធាតុពិភពលោក កំពុងធ្វើឱ្យរលកកម្តៅអូសបន្លាយពេលយូរជាងមុន កើតឡើងញឹកញាប់ជាងមុន និងមានកម្រិតហិង្សាខ្លាំងជាងមុន។ បច្ចុប្បន្ន សីតុណ្ហភាពនៅក្នុងទីក្រុងមួយចំនួននៃប្រទេសដែលមានប្រជាជន ១,៤០០លាននាក់មួយនេះ បានហក់ឡើងខ្ពស់ជាង ៤៥ អង្សាសេទៅហើយ។
ករណីស្លាប់ទាំង ១៦នាក់នេះ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ តេឡង់ហ្គាណា (Telangana) ភាគខាងត្បូងប្រទេស ដែលធ្វើឱ្យរដ្ឋមន្ត្រីក្រសួងចំណូលរដ្ឋ លោក ប៉ុនហ្គូឡេទី ស្រ៊ីនីវ៉ាសា រេដឌី (Ponguleti Srinivasa Reddy) ចេញបញ្ជាឱ្យមាន «ការប្រុងប្រយ័ត្នខ្ពស់ទូទាំងរដ្ឋ» ដើម្បីការពារសុខភាពសាធារណៈ។

ការិយាល័យរបស់លោក រេដឌី បានគូសបញ្ជាក់ថា៖ «កម្រិតនៃកម្តៅបានកើនឡើងដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក» ហើយមន្ត្រីនៅក្នុងរដ្ឋតេឡង់ហ្គាណាទាំងអស់ ត្រូវតែចេញសេចក្តីណែនាំ និងការព្រមានជាមុនអំពីវិធានការការពារខ្លួនដែលត្រូវធ្វើក្នុងកំឡុងពេលមានរលកកម្តៅនេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកជំនាញផ្នែកសុខាភិបាលបានព្រមានថា កម្តៅថ្ងៃដែលក្តៅខ្លាំងពេកអាចបណ្តាលឱ្យរាងកាយខ្សោះជាតិទឹក ធ្វើឱ្យឈាមឡើងខាប់ និងក្នុងករណីធ្ងន់ធ្ងរខ្លាំង វាអាចបណ្តាលឱ្យសរីរាង្គខាងក្នុងលែងដំណើរការ។
ជាមួយគ្នា រដ្ឋបាលក្នុងតំបន់នៃរដ្ឋតេឡង់ហ្គាណា បានណែនាំដល់មនុស្សចាស់ កុមារ និងស្ត្រីមានផ្ទៃពោះ មិនគួរចេញក្រៅផ្ទះនៅពេលថ្ងៃនោះទេ ប្រសិនបើគ្មានការចាំបាច់។

កាលពីដើមសប្តាហ៍នេះ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ក៏បានព្យាករណ៍ផងដែរថា សីតុណ្ហភាពនឹងកើនឡើងខ្ពស់ជាងធម្មតា និងមានស្ថានភាពរលកកម្តៅខ្លាំងនៅក្នុងផ្នែកជាច្រើននៃប្រទេស។ សីតុណ្ហភាពនៅក្នុងរដ្ឋធានី ញូដេលី និងទីក្រុងក្បែរៗនោះ បានរក្សាកម្រិតលើសពី ៤០ អង្សាសេពេញមួយសប្តាហ៍ ដែលធ្វើឱ្យការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុត។ បន្ថែមពីលើកម្តៅដ៏ក្ដៅហួតហែងនៅពេលថ្ងៃត្រង់ សូម្បីតែសីតុណ្ហភាពអប្បបរមានៅពេលយប់ក៏នៅតែខ្ពស់ដដែល ដែលធ្វើឱ្យប្រជាពលរដ្ឋស្ទើរតែគ្មានពេលសម្រាកពីភាពក្ដៅស្អុះស្អាប់នេះឡើយ។
សូមជម្រាបថា ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក គឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេលំដាប់ទី៣ ហើយប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើការដុតធ្យូងថ្មដើម្បីផលិតថាមពលអគ្គិសនី។
រដ្ឋាភិបាលឥណ្ឌាបានប្តេជ្ញាចិត្តថា នឹងសម្រេចឱ្យបាននូវសេដ្ឋកិច្ចដែលមិនបញ្ចេញឧស្ម័នទាល់តែសោះត្រឹមឆ្នាំ២០៧០ ដែលជាការយឺតយ៉ាវជាងបណ្តាប្រទេសឧស្សាហកម្មលោកខាងលិចភាគច្រើនរហូតដល់ទៅ ២ទសវត្សរ៍។
គួររំលឹកផងដែរថា សីតុណ្ហភាពខ្ពស់បំផុតដែលត្រូវបានកត់ត្រាជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា គឺ ៥១អង្សាសេ ដែលត្រូវបានវាស់វែងនៅតំបន់ ផាឡូឌី (Phalodi) ក្នុងរដ្ឋ រ៉ាចាស្ថាន (Rajasthan) កាលពីឆ្នាំ២០១៦ កន្លងទៅ៕

