កណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យនារីម្នាក់រងរបួសស្រាល និងបង្កការខូចខាតយានយន្ត។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី លើកំណាត់ផ្លូវជាតិលេខ២១ ចន្លោះស្ពានលេខ ៦២-៦៣ ស្ថិតក្នុងភូមិប្រធាតុ សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន។



តាមការបញ្ជាក់ ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1C-8829 បើកបរដោយនារីវ័យ ១៩ឆ្នាំ បានបើកបុកពីក្រោយរថយន្តម៉ាក Hyundai ពណ៌ស ប្រភេទដឹកទំនិញធុនធំ ដែលចតនៅលើដងផ្លូវ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនមុនសមត្ថកិច្ចទៅដល់។
ជនរងគ្រោះបានរងរបួសស្រាល និងត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសែនកោះធំ។ ចំណែកម៉ូតូខូចខាតធ្ងន់ ខណៈរថយន្តខូចខាតស្រាល។
សមត្ថកិច្ចបានសន្និដ្ឋានបឋមថា គ្រោះថ្នាក់នេះបណ្តាលមកពីរថយន្តចតលើដងផ្លូវដោយមិនបានដាក់សញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវ ខណៈអ្នកបើកបរម៉ូតូបើកបរល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

