ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដាក់បទបញ្ជាដល់មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីអភិបាលក្រុង ស្រុក ត្រូវខិតខំស្រាវជ្រាវ និងទប់ស្កាត់ កុំឱ្យមានបទល្មើសឆបោកតាមអនឡាញ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ បានផ្តោតសំខាន់ទៅលើការអនុវត្តច្បាប់របស់រដ្ឋបាលខេត្ត ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងក្រឹត្យលេខ០៣ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់នៅតាមមូលដ្ឋាន ត្រូវក្តាប់ឱ្យបានច្បាស់លាស់នូវស្ថិតិ និងមុខសញ្ញាជនបរទេសដែលកំពុងស្នាក់នៅតាមបណ្តាផ្ទះជួល ឬទីតាំងស្នាក់នៅប្រមូលផ្តុំនានា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងតំបន់ដែលមានជនបរទេសរស់នៅច្រើន។
ឯកឧត្តម ញ៉ែម សំអឿន បានដាក់បទបញ្ជាបន្ថែមដល់មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីអភិបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបឱ្យបានចំពោះក្រុមជនខិលខូចដែលលួចបើកល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសឆបោកតាមអនឡាញ។

ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវខិតខំស្រាវជ្រាវ និងទប់ស្កាត់កុំឱ្យមានជនឱកាសនិយមមកពួនសំងំរកស៊ីខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសោះឡើយ។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់មហាជនក្នុងខេត្តរតនគិរី សូមរួមសហការជាមួយកម្លាំងនគរបាល ក្នុងការផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលប្រទះឃើញ ឬមានការសង្ស័យចំពោះជនបរទេសដែលរស់នៅប្រមូលផ្តុំ។ សូមរាយការណ៍មកសមត្ថកិច្ចនគរបាលជាបន្ទាន់ ដើម្បីត្រួតពិនិត្យ និងចាត់ការទាន់ពេលវេលា៕

