ព្រៃវែង៖ គ្រួសារក្រីក្រ១គ្រួសារ នៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្ដេច បានទទួលផ្ទះថ្មី១ខ្នង និងអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះស្ដេច ដើម្បីជួយសម្រួលជីវភាពរស់នៅ។

ពិធីប្រគល់នេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក យ៉ាវ សានិន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកព្រះស្ដេច និងមានការចូលរួមពីលោកស្រី ឈឹម ចន្ថុល ព្រមទាំងក្រុមការងារពាក់ព័ន្ធ។

ផ្ទះដែលបានប្រគល់ជូន មានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ សាងសង់ពីឈើ ប្រក់ស័ង្កសី និងក្រាលសាប ដោយចំណាយថវិកាសរុបប្រមាណ ៥លានរៀល។ ម្ចាស់ផ្ទះឈ្មោះ ជា សុខ អាយុ ៤៣ឆ្នាំ ជាប្រជាពលរដ្ឋមានជីវភាពខ្វះខាត។

ក្នុងឱកាសនោះ លោកប្រធានអនុសាខា បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត ដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព អនុវត្តអនាម័យ និងចូលរួមការពារបរិស្ថាន ជាពិសេសកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

អំណោយដែលបានផ្តល់ជូនរួមមាន៖

  • ផ្ទះ ១ខ្នង
  • អង្ករ ២៥គីឡូក្រាម
  • ទឹកផ្លែឈើ ១កេស និងទឹកសុទ្ធ ១កេស
  • ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខ
  • សម្ភារៈដំណេក និងសម្ភារៈផ្ទះបាយ
  • ថវិកា ២០ម៉ឺនរៀល និងថ្លៃអារឈើ ៣៥ម៉ឺនរៀល

បន្ថែមពីនេះ ក្រុមកាកបាទក្រហមឃុំ ក៏បានចូលរួមផ្តល់អង្ករ ៥០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀលផងដែរ។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់កាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមគោលការណ៍មនុស្សធម៌៕

អត្ថបទ៖ ចតុម្មុខ

Share.