គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដាក់ចេញនូវវិធានការដាច់ខាត និងការព្រមានធ្ងន់ៗដល់ម្ចាស់ទីតាំង ផ្ទះជួលទាំងអស់ក្នុងខេត្ត ដែលផ្តល់កន្លែងស្នាក់នៅដល់ជនបរទេសខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Scam Online) ដោយគ្មានការលើកលែងឡើយ។

តាមរយៈការបញ្ជាក់ពីថ្នាក់ដឹកនាំខេត្តកោះកុង លោកស្រី ឈី វ៉ា វិធានការច្បាប់ និងការផាកពិន័យនឹងត្រូវអនុវត្តជាដាច់ខាត រួមមាន៖ ម្ចាស់ទីតាំងទាំងឡាយណាដែលជួលផ្ទះ ឬទីតាំងឱ្យជនបរទេសស្នាក់នៅដោយមិនមានឯកសារត្រឹមត្រូវ នឹងត្រូវប្រឈមការផាកពិន័យជាប្រាក់ចំនួន ៤ លានរៀល (ស្មើនឹង ១,០០០ ដុល្លារអាមេរិក) សម្រាប់ជនបរទេសម្នាក់ៗ។ ក្រៅពីការផាកពិន័យជាប្រាក់ ម្ចាស់ទីតាំងក៏នឹងត្រូវប្រឈមមុខនឹងទោសព្រហ្មទណ្ឌផ្សេងទៀត ទៅតាមការកំណត់នៃច្បាប់ជាធរមាន។ ក្នុងករណីរកឃើញថា ទីតាំងនោះមានការជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ម្ចាស់ទីតាំងនឹងត្រូវទទួលទោសទណ្ឌបន្ថែមទ្វេដង។
«សូមបងប្អូន កុំគិតពីប្រយោជន៍តិចតួចផ្ទាល់ខ្លួន ហើយបំផ្លាញកិត្តិយសខេត្ត និងជាតិយើង។ គណ:បញ្ជាការឯកភាពខេត្ត នឹងចុះប្រតិបត្តិការគ្រប់ទីតាំងទាំងអស់ ដោយគ្មានការលើកលែងជាដាច់ខាត»។ នេះជាការសង្កត់ធ្ងន់នៅក្នុងសារព្រមានរបស់លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំខេត្តក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះមុខ សម្តេចនាយករដ្ឋមន្ត្រី ក្នុងការចូលរួមបោសសម្អាតបទល្មើស Scam Online ឱ្យអស់ពីទឹកដីខេត្តកោះកុង ដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់ខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ។

ទាក់ទិននឹងយុទ្ធនាការនេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ម្ចាស់ទីតាំង ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យ បញ្ឈប់ជាដាច់ខាត រាល់ការធ្វើអន្តរាគមន៍ ការលាក់បាំង ឬការរិះរកវិធីបន្លំភ្នែកសមត្ថកិច្ច។ ជាពិសេស ត្រូវសហការ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានជាចាំបាច់ ដើម្បីរួមគ្នាបោសសម្អាតខេត្តឱ្យបានស្អាតស្អំ ត្រៀមរង់ចាំទទួលភ្ញៀវទេសចរល្អៗ និងវិនិយោគិនមកបណ្តាក់ទុន។
រដ្ឋបាលខេត្ត បានបើកចំហរអោយសាធារណជន និងប្រជាពលរដ្ឋអាចរាយការណ៍ និងផ្តល់ព័ត៌មានដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ និងតេឡេក្រាម (Telegram)៖ 087 557 979 ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកម្ចាត់បទល្មើស Scam Online ឱ្យអស់ពីកម្ពុជា៕

