បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបន្តបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយរកឃើញ និងឃាត់ខ្លួនជនបរទេសជាច្រើននាក់។





ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរអគារជាច្រើនកន្លែង និងរកឃើញជនបរទេសសរុបជិត៣០០នាក់ ភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី រួមទាំងជនជាតិម៉ាឡេស៊ីមួយចំនួនផងដែរ។ ជនបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅសាកសួរ និងស្រាវជ្រាវបន្តនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។





ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចក៏បានរកឃើញទីតាំងមួយចំនួនដែលសង្ស័យប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកអនឡាញ និងសកម្មភាពផ្សែងៗទៀត ដោយក្នុងនោះ មានទីតាំងមួយត្រូវបានបិទសៀលជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញទូរកុងតឺន័រចំនួន៤ សង្ស័យបម្រើសេវាផ្លូវភេទ។

