ឧត្ដរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានចាត់វិធានការយ៉ាងទាន់ពេលវេលា ចំពោះហាងកាហ្វេមួយកន្លែង ដែលបានយកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម មកដាក់តាំង និងប្រើកេសគ្រាប់ធ្វើជាតុ បង្កការព្រួយបារម្ភអំពីសុវត្ថិភាព។



យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការយកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មកប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្មបែបនេះ គឺជាការប្រព្រឹត្តិដែលមានគ្រោះថ្នាក់ និងមិនសមស្រប។
លោកបានថ្លែងអំណរគុណដល់អភិបាលខេត្ត និងស្នងការនគរបាលខេត្តឧត្តរមានជ័យ ដែលបានចូលរួមចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមាន។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសំណល់យុទ្ធភណ្ឌសង្គ្រាម ដោយមិនគួរប៉ះពាល់ ឬយកមកប្រើប្រាស់ឡើយ ព្រោះអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងជាការបំពានច្បាប់ផងដែរ៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

