ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតចាប់ពីម៉ោង ៦ ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ។ ក្រសួងបានគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ភាគីថៃនៅពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ ហើយថែមទាំងបានប្រកាសដកខ្លួនជាផ្លូវការពីអនុស្សរណៈយោគយល់ (MOU) ជាមួយកម្ពុជាថែមទៀតផង។

១. ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹកចំនួន ៤០ នាក់បន្ថែមទៀតបានចាកចេញពីជំរំសុវត្ថិភាពត្រឡប់ទៅផ្ទះវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់ មានជិត ៦២ ម៉ឺននាក់ (ឬជាង ៩៥%) បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ នៅមានពលរដ្ឋចំនួន ៣០,៤៧០ នាក់ ទៀត (ក្នុងនោះមានស្រ្តី ១៥,៦៧១ នាក់ និងកុមារ ១០,២៦២ នាក់) ដែលពុំទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ។
២. ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋានតាមបណ្តាខេត្តជាប់ព្រំដែន
- ខេត្តឧត្តរមានជ័យ៖ សាលារៀន ៨ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៥ នៅបន្តផ្អាក។
- ខេត្តបន្ទាយមានជ័យ៖ សាលារៀន ៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១ បន្តផ្អាក។
- ខេត្តព្រះវិហារ៖ សាលារៀន ៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ២ នៅបន្តផ្អាក។
៣. ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល
គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក មិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនថ្មីបន្ថែម លើករណីដែលក្រសួងបានកត់ត្រាទុកមុននេះឡើយ

