រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជា បានធ្វើម្ចាស់ផ្ទះ ដើម្បីរៀបចំ “ពិធីចុះហត្ថលេខាលើក្របខ័ណ្ឌសិក្សារួមស្តីពីការសិក្សាសមិទ្ធិលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី កម្ពុជា-ឡាវ” រវាងអគ្គិសនីកម្ពុជា (EDC)-អគ្គិសនីឡាវ (EDL)-ASEAN Center for Energy (ACE)។ ពិធីចុះហត្ថលេខាលើ ត្រូវ​បាន​ធ្វើ​ឡើង​ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។​

ពិធីចុះហត្ថលេខា និង កិច្ចប្រជុំពាក់ព័ន្ធ ដែលមានវត្តមានចូលរួមជាកិតិ្តយសរបស់ ឯកឧត្តម វិចទ័រ ហ្សូនា ឧត្តមមន្ត្រីថាមពលអាស៊ាន (Senior Official on Energy-SOE) និងជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល និងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រទេសឡាវ និងធនាគារពិភពលោក (World Bank)។

គម្រោងសិក្សារួមនេះ ទទួលបានជំនួយហិរញ្ញប្បទានពី ធនាគារពិភពលោក (World Bank) ដែលមាន ACE ជាលេខាធិការដ្ឋានសម្របសម្រួល។ ការសិក្សានេះនឹងក្លាយជាមូលដ្ឋានដើម្បីគាំទ្រ និងអភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្មថាមពលក្នុងដំណាក់កាលដំបូង រវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើពាណិជ្ជកម្មទូលាយក្នុងវិស័យថាមពលក្នុងតំបន់ ដែលក្នុងនោះការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង និងដំណើរការប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី ជាផ្នែកមួយដ៏សំខាន់សម្រាប់ការសិក្សានេះ។

លើសពីនេះ លទ្ធផលនៃការសិក្សា នឹងជំរុញដល់ការអភិវឌ្ឍគម្រោងថាមពលបៃតងជាគោល ដែលជាសក្តានុពលក្នុងប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខថាមពល កាត់បន្ថយលើការនំាប្រេងឥន្ធនៈមកផលិតអគ្គិសនី និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

https://troryorng.com/
Share.