(កំពង់ចាម)៖ ស្ត្រីម្នាក់ជាម្ចាស់ផ្ទះសំណាក់មួយកន្លែង នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានជនដៃដល់ប្រើប្រាស់អំពើហិង្សារហូតដល់ស្លាប់ រួចរំលោភសេពសន្ថវៈតាមក្រោយ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណផ្ទះសំណាក់របស់ជនរងគ្រោះតែម្តង។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ ស៊ាង ពៅ អាយុ៥៦ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ដែលរស់នៅក្នុងភូមិខាងលើ។ ដោយឡែក ជនដៃដល់ឈ្មោះ អ៊ីម បឿន អាយុ៤២ឆ្នាំ រស់នៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា ជនដៃដល់បានធ្វើសកម្មភាពវាយប្រហារជនរងគ្រោះដោយប្រើដៃទទេ និងការទាត់ទៅលើដងខ្លួន និងផ្ទៃមុខជាច្រើនកន្លែង។ បន្ទាប់មក ជនដៃដល់បានយកដងអំបោសធ្វើពីដែកអ៊ីណុករាងមូល ប្រវែងប្រហែល១ម៉ែត្រ មកវាយបន្ថែមទៀត រហូតធ្វើឱ្យជនរងគ្រោះសន្លប់ ឬប្រហែលជាស្លាប់ទៅហើយ។ បន្ទាប់ពីបានរំលោភសេពសន្ថវៈរួច ជនដៃដល់បានលើកសពជនរងគ្រោះទម្លាក់ចូលទៅក្នុងអាងទឹកដែលនៅមុខផ្ទះ។
មូលហេតុដែលនាំឱ្យកើតហេតុសោកនាដកម្មនេះ គឺបណ្តាលមកពីជនសង្ស័យមានការខឹងសម្បារជនរងគ្រោះ ដែលមិនព្រមជួលបន្ទប់ឱ្យខ្លួនស្នាក់នៅអស់រយៈពេលជាច្រើនដងមកហើយ។

គួរបញ្ជាក់ថា គ្រាន់តែរំលងបានតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រព្រឹត្តអំពើឃោរឃៅនេះ ពោលគឺនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជនដៃដល់ត្រូវបានកម្លាំងជំនាញនៃសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅឯផ្ទះរបស់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្រោមការឃុំខ្លួនរបស់កម្លាំងជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

