គូឡាឡាំពួរ៖ ក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas បានប្រកាសនាថ្ងៃចន្ទ ទី២៥ ខែឧសភា នេះថា បុគ្គលិកម៉ៅការចំនួន ៣នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួស នៅក្នុងឧបទ្ទវហេតុមួយ ពេលកំពុងថែទាំទូកសង្គ្រោះជីវិតនៅលើនាវាផ្ទុក និងផ្ទេរប្រេងអណ្តែតទឹក (FSO) កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា កន្លងទៅ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Petronas ឬហៅពេញថា Petroliam Nasional Berhad បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១២:៥០នាទីថ្ងៃត្រង់ នៅឯស្ថានីយប្រេង «Sepat» ដែលមានទីតាំងនៅឆ្នេរសមុទ្រនៃរដ្ឋ ត្រេងហ្គានូ (Terengganu) ភាគខាងកើតនៃប្រទេសម៉ាឡេស៊ី។

ក្រុមហ៊ុនបានបញ្ជាក់ថា ជនរងគ្រោះទាំង ៣នាក់ត្រូវបានប្រកាសថា បានបាត់បង់ជីវិតភ្លាមៗពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈបុគ្គលិកម្នាក់ទៀតដែលរងរបួស ត្រូវបានជម្លៀសចេញដើម្បីយកទៅព្យាបាលជាបន្ទាន់ និងកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama បានរាយការណ៍ថា មុនពេលកើតហេតុ កម្មករទាំងនោះបានឡើងលើទូកសង្គ្រោះជីវិតនៅស្ថានីយ FSO ដើម្បីទម្លាក់ខ្លួនចុះទៅក្នុងសមុទ្រក្នុងគោលបំណងបំពេញការងារថែទាំ។

ទោះជាយ៉ាងណា លោក អាហ្ស់ី ម៉ូហាំម៉ាត់ ណរ (Azli Mohd Noor) ស្នងការនគរបាលក្រុង កូឡាត្រេងហ្គានូ បានថ្លែងថា៖ «ខ្សែពួរ ឬទំពក់ដែលភ្ជាប់ទៅនឹងទូកសង្គ្រោះជីវិតនោះ ត្រូវបានគេជឿថា បានដាច់ ឬរបូត ដែលជាហេតុធ្វើឱ្យជនរងគ្រោះទាំងអស់ធ្លាក់ចូលទៅក្នុងសមុទ្រពីលើទីទួលខ្ពស់»។

ក្រុមសង្គ្រោះបន្ទាន់ត្រូវបានពង្រាយទៅកាន់កន្លែងកើតហេតុភ្លាមៗ ហើយបានជួយស្រង់បុគ្គលិកទាំង ៤នាក់ឡើងពីក្នុងទឹក មកលើស្ថានីយប្រេងវិញ។ បន្ទាប់មក ជនរងគ្រោះត្រូវបានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់ព្រលានយន្តហោះ Sultan Mahmud នៅវេលាម៉ោងប្រហែល ៤រសៀល មុនពេលបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់។

ចំណែកឯកម្មករម្នាក់ទៀតដែលកំពុងរងរបួសធ្ងន់ធ្ងរ និងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sultanah Nur Zahirah ក្នុងរដ្ឋត្រេងហ្គានូ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Petronas បានសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ មិត្តភក្តិ និងសហការីនៃសព ដោយគូសបញ្ជាក់ថា អាទិភាពចម្បងរបស់ក្រុមហ៊ុននាពេលនេះ គឺការជួយជ្រោមជ្រែងដល់សុខុមាលភាពរបស់គ្រួសាររងគ្រោះ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងសហការជាមួយក្រុមហ៊ុន ដើម្បីស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ខណៈដែលខាងប៉ូលិសបានកត់ត្រាករណីនេះជា «ករណីស្លាប់ភ្លាមៗដោយគ្រោះថ្នាក់» ដើម្បីរង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យសាកសព ដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ៕

ប្រភព៖ CNA

Share.