ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កំពុងតែបន្តការរីកចម្រើនយ៉ាងរឹងមាំ តាមរយៈការលេចចេញនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែលបម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាជន។ ជាក់ស្តែង គម្រោងវារីអគ្គិសនីសេសានក្រោម ២ ត្រូវបានមើលឃើញថាជាគំរូដ៏ជោគជ័យមួយនៃសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរ។

នាពេលថ្មីៗនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចជាផ្លូវការនៅខេត្តស្ទឹងត្រែង និងបានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ។
នៅក្នុងឱកាសនៃទស្សនកិច្ចនោះ ឯកឧត្តម Wang Wenbin បានជួបពិភាក្សាការងារជាមួយឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងបានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅទីតាំងស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ដោយមានការអមដំណើរពីសំណាក់ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង ផងដែរ។

ក្រោយបញ្ចប់ទស្សនកិច្ច ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបង្ហោះសារនៅលើបណ្ដាញសង្គមដោយសម្តែងនូវភាពរីករាយ និងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ «ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជាវិជ្ជមានដល់ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនជុំវិញផងដែរ»។
សូមជម្រាបថា ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ មានកម្លាំង ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង។ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៨ ដោយមានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយក៏ជាវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជា ក្នុងសមត្ថភាពផលិតស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស ។ ស្ថានីយ៍នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា និងប្រជាជនទាំងមូល ។

ដោយឡែកតាមរយៈដំណើរទស្សនកិច្ច និងការវាយតម្លៃរបស់ឯកឧត្តម Wang Wenbin បានសហការបង្ហាញឱ្យឃើញកាន់តែច្បាស់ថា កម្ពុជា និងចិន នឹងនៅតែបន្តចាប់ដៃគ្នាយ៉ាងជិតស្និទ្ធក្នុងការបង្កើតគម្រោងអភិវឌ្ឍន៍ធំៗបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើងនាពេលអនាគត៕

