ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានជំរុញដល់អង្គភាពពាក់ព័ន្ធពន្លឿនការរៀបចំឯកសារ និងនីតិវិធីពាក់ព័ន្ធនឹងការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីជៀសវាងភាពយឺតយ៉ាវ និងធានាការបើកផ្តល់ឱ្យបានទាន់ពេលវេលា។

ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភជូនមន្ត្រីនគរបាលជាតិ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និង នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងមកពីអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។

ក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ សេង ផល្លី បានស្នើឱ្យអង្គភាពពាក់ព័ន្ធរៀបចំសំណុំឯកសារស្នើរសុំបៀវត្ស ប្រាក់លម្អៀងមុខតំណែង និងប្រាក់លម្អៀងឋានន្តរសក្តិ និងការរៀបចំសំណុំបែបបទមន្ត្រីនគរបាលជាតិចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ពិការ ពលី មរណៈ និងលាឈប់ពីការងារ ព្រមទាំងស្នើអង្គភាពដែលមានមន្ត្រីផ្ទេរក្របខ័ណ្ឌនិងបៀវត្សពីក្រសួង ស្ថាប័នផ្សេងៗ មកក្នុង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ជួយសម្របសម្រួលពន្លឿនរៀបចំបែបបទរំលឹកបៀវត្សឱ្យបានឆាប់រហ័ស ដើម្បីអគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អនុវត្តនីតិវិធីបន្ត ចៀសវាង មានភាពយឺតយ៉ាវដោយប្រការណាមួយ។

ក្រសួងមហាផ្ទៃ រំពឹងថា វិធានការនេះ នឹងជួយពង្រឹងប្រសិទ្ធភាពការងារធនធានមនុស្ស និងលើកកម្ពស់ជីវភាពមន្ត្រីនគរបាលជាតិឱ្យកាន់តែប្រសើរឡើង។



ក្រសួងមហាផ្ទៃរំពឹងថា ការអនុវត្តវិធានការថ្មីនេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងធនធានមនុស្ស និងធានាការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភជូនមន្ត្រីនគរបាលជាតិកម្ពុជា ឱ្យមានតម្លាភាព ទាន់ពេលវេលា និងកាន់តែប្រសើរឡើង។

Share.