តាមរយៈការចេញផ្សាយរបស់កាសែត The Nation Thailand នាថ្ងៃទី ២៥ ខែឧសភា នេះបានឱ្យដឹងថា ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានចេញការប្រកាសអាសន្ន ដោយឱ្យតាមដានស្ថានភាពទឹកជំនន់ជាបន្ទាន់ បន្ទាប់ពីរកឃើញថា ទំនប់វារីអគ្គិសនីខ្នាតធំចំនួន៤ និងអាងស្តុកទឹកខ្នាតមធ្យមចំនួន៣២ កំពុងមានកម្រិតទឹកកើនឡើងយ៉ាងគួរឱ្យបារម្ភបំផុត។

គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ អាងស្តុកទឹកទូទាំងប្រទេសថៃមានបរិមាណទឹកសរុប ៥៧% នៃសមត្ថភាពស្តុក។ ក្នុងចំណោមនោះ មានប្រភពទឹកធំៗចំនួន៤ ដែលបានកើនឡើងហួសកម្រិតប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងអាងស្តុកទឹកខ្នាតមធ្យមចំនួន៣២ ដែលមានទឹកលើសពី ៨០% នៃសមត្ថភាព។
យោងតាមទិន្នន័យរបស់ ONWR ប្រភពទឹកខ្នាតធំទាំង៤ ដែលត្រូវត្រួតពិនិត្យជាបន្ទាន់រួមមាន៖ ទំនប់គីវលំ និងទំនប់ម៉ែឆាង (ភាគខាងជើង) ព្រមទាំងទំនប់ណាំផុង និងទំនប់ឡាំប៉ាវ (ភាគឥសាន)។ ចំណែកអាងស្តុកទឹកខ្នាតមធ្យមចំនួន៣២ ដែលមានទឹកលើស៨០% ត្រូវបានចែកចេញជា៖ ភាគខាងជើង១៣កន្លែង ភាគឥសាន១៤កន្លែង ភាគខាងលិច២កន្លែង ភាគខាងត្បូង២កន្លែង និងតំបន់កណ្តាល១កន្លែង។
ទាក់ទងនឹងស្ថានភាពភ្លៀង ខេត្តពិស្ណុលោក (ភាគខាងជើង) បានកត់ត្រាកម្រិតទឹកភ្លៀងខ្ពស់ជាងគេទូទាំងប្រទេសនៅ ១២៥ មីលីម៉ែត្រ បន្ទាប់មកខេត្តផាត់ថាឡុង (ភាគខាងត្បូង) ១១៥ មីលីម៉ែត្រ។
ការិយាល័យធនធានទឹកជាតិថៃ បានព្យាករណ៍ថា ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា បរិមាណទឹកភ្លៀងទូទាំងប្រទេសអាចនឹងថយចុះ ប៉ុន្តែនៅតែមានភ្លៀងធ្លាក់ខ្លាំងដាច់ដោយឡែកនៅភាគខាងជើង ភាគខាងកើត និងឆ្នេរខាងលិចនៃភាគខាងត្បូង។

សូមបញ្ជាក់ថា បច្ចុប្បន្នអាងស្តុកទឹកថៃមានទឹកសរុប ៤៥,៧៨៥ ប៊ីលានម៉ែត្រគូប (៥៧% នៃសមត្ថភាព) ក្នុងនោះអាចប្រើប្រាស់បាន ២១,៦៧៧ ប៊ីលានម៉ែត្រគូប (៣៨%)។ ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាប និងតំបន់មានហានិភ័យខ្ពស់ ត្រូវបានណែនាំឱ្យតាមដានការប្រកាសព័ត៌មានពីអាជ្ញាធរតំបន់ជាប្រចាំ៕

