ខេត្តកណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្តក្នុងការចូលរួមអនុវត្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានជោគជ័យ។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ខេត្តកណ្ដាល ជាខេត្តមួយនៅជាប់រាជធានីភ្នំពេញ មានទីតាំងភូមិសាស្ត្រសំខាន់ និងមានចំនួនប្រជាពលរដ្ឋរស់នៅច្រើន ដូចនេះការគ្រប់គ្រង និងទប់ស្កាត់បទល្មើស Online Scams ត្រូវបានគេយកចិត្តទុកដាក់ជាអាទិភាពកំពូល។

ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបោសសម្អាតបទល្មើសនេះ ឯកឧត្តម គួច ចំរើន បានដាក់ទិសដៅច្បាស់លាស់ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុកនានា ត្រូវបន្តពង្រឹងការចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ រួមទាំងការចុះឆែកឆេរភ្លាមៗតាមព័ត៌មាន និងតម្រុយដែលទទួលបានពីគ្រប់ប្រភព។ ការណ៍នេះ ដើម្បីស្វែងរកនិងបង្ក្រាបក្រុមឧក្រិដ្ឋជនដែលប្រើប្រាស់ល្បិចកលបំបែកខ្លួនជាក្រុមតូចៗ និងសម្ងំនៅតាមសហគមន៍នានា។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមានការផ្សព្វផ្សាយទូលំទូលាយនូវអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ ការផ្សព្វផ្សាយនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមពីសហគមន៍ក្នុងការការពារ និងទប់ស្កាត់បទល្មើសនេះ ព្រមទាំងបង្កើតយន្តការរាយការណ៍ប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីលើនេះ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក ត្រូវបន្តចុះណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងដែលមានអ្នកស្នាក់នៅប្រមូលផ្តុំ ព្រមទាំងម្ចាស់បុរីធំៗ ឱ្យអនុវត្តកាតព្វកិច្ចរាយការណ៍ពីបញ្ជីឈ្មោះ និងឯកសារសម្គាល់អ្នកស្នាក់នៅឱ្យបានទៀងទាត់។ វិធានការនេះ គឺដើម្បីធានាបាននូវការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងរារាំងមិនឱ្យទីតាំងទាំងនោះក្លាយជាកន្លែងរបស់ឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams។

ជាពិសេស ខេត្តកណ្ដាលក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ក្រុមហ៊ុនដែលផ្តល់សេវាអ៊ីនធឺណេតទាំងអស់ក្នុងខេត្ត ឱ្យរាយការណ៍អំពីទីតាំងដែលស្នើសុំតភ្ជាប់អ៊ីនធឺណេតប្រើប្រាស់ទំហំធំចាប់ពី ១០០Mbps ឡើងទៅ និងផ្តល់ទីតាំង Location មកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងបង្ក្រាប។

ស្របពេលនេះដែរ ដើម្បីទប់ស្កាត់ការចល័តរបស់ជនបរទេសដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម គួច ចំរើន បានបញ្ជាក់យ៉ាងច្បាស់ថា សមត្ថកិច្ចខេត្តកណ្ដាល ត្រូវបន្តដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវសំខាន់ៗ រួមទាំងច្រកចូល-ចេញសំខាន់ៗ ដើម្បីទប់ស្កាត់ការចល័តរបស់ជនបរទេសពីទីតាំងផ្សេងៗ ចូលមកក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងវិធានការគន្លឹះទាំងនេះ បានបង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតរបស់រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​បោស​សម្អាត​បទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីភូមិសាស្ត្រខេត្ត រួមចំណែកកសាងសង្គមមួយប្រកបដោយសុវត្ថិភាព សន្តិសុខ និងកិត្តិយសជាតិ។

គួររំលឹកថា ការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តកណ្ដាល គឺនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ៕

Share.