ខេត្តប៉ាតានី៖ ក្រុមឧទ្ទាមប្រដាប់អាវុធដោយកាំភ្លើងស្វ័យប្រវិត្ត បានបើកការវាយប្រហារយ៉ាងសាហាវ ដោយបាញ់ស្រោចរាប់សិបគ្រាប់ចូលទៅក្នុងអគារប៉ុស្តិ៍នគរបាលថ្មីមួយកន្លែង ក្នុងស្រុកសាយបុរី (Sai Buri) ខេត្តប៉ាតានី កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។ ការវាយប្រហារនេះបានបណ្តាលឱ្យមន្ត្រីនគរបាលប្រចាំការម្នាក់ រងរបួសធ្ងន់ធ្ងរ និងបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណា អ្វីដែលជាចំណោទសួរ និងការរិះគន់ខ្លាំងបំផុតនោះ គឺចំណាត់ការដ៏យឺតយ៉ាវរបស់អាជ្ញាធរថៃ។ ក្រុមអ្នកជំនាញដោះមីន និងនគរបាលល្បាតព្រំដែន ទើបតែចុះទៅត្រួតពិនិត្យកន្លែងកើតហេតុយ៉ាងល្អិតល្អន់កាលពីថ្ងៃអាទិត្យ ពោលគឺ រយៈពេល ២ថ្ងៃពេញបន្ទាប់ពីការវាយប្រហារ។ រហូតមកដល់ពេលនេះ ខាងប៉ូលិសនៅមិនទាន់មានការពន្យល់ណាមួយជុំវិញមូលហេតុដែលនាំឱ្យការចុះពិនិត្យស៊ើបអង្កេតនេះ ត្រូវពន្យារពេលដល់ទៅ ២ថ្ងៃនោះឡើយ ដែលនេះសបញ្ជាក់ឱ្យឃើញពីភាពធូររលុង និងកង្វះការទទួលខុសត្រូវក្នុងការឆ្លើយតបនឹងស្ថានការណ៍អាសន្ន។

នៅកន្លែងកើតហេតុ មន្ត្រីជំនាញប្រមូលបានសំបកគ្រាប់ចំនួន ៧៥គ្រាប់ ដែលបាញ់ចេញពីអាវុធខុសៗគ្នាចំនួន ៤ប្រភេទ រួមមាន៖ កាំភ្លើង M16, HK33, AK47 និង AK102។ ទាក់ទិននឹងបញ្ហានេះ មន្ត្រីកោសល្យវិច័យកំពុងធ្វើការពិនិត្យសំបកគ្រាប់ទាំងនោះ ដើម្បីស្វែងរកតម្រុយស៊ើបអង្កេតរកមុខសញ្ញាជនល្មើស ដែលតាមសេចក្តីរាយការណ៍បឋមពីប្រព័ន្ធផ្សព្វផ្សាយ Thai PBS បានឱ្យដឹងថា មានខ្មាន់កាំភ្លើងមានគ្នាយ៉ាងតិច ៣នាក់។

ក្រៅពីភាពកម្សោយនៃប្រព័ន្ធការពារសន្តិសុខ ព្រឹត្តិការណ៍នេះក៏បានលាតត្រដាងនូវរឿងអាស្រូវ និងភាពមិនប្រក្រតីនៃគម្រោងសាងសង់របស់រដ្ឋផងដែរ។ ប៉ុស្តិ៍នគរបាលដែលរងការវាយប្រហារនេះ គឺជាអគារថ្មីដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ជិតរួចរាល់ និងមិនទាន់បើកដំណើរការនៅឡើយ។ ប៉ុន្តែ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ អគារនេះនៅខ្វះជញ្ជាំងមួយចំនួន ដោយសារតែអស់ថវិកាសាងសង់។

ចំណុចនេះបានបង្កើតជាសំណួរដេញដោលយ៉ាងក្តៅគគុកពីសំណាក់សាធារណជនថា តើថវិកាជាតិសម្រាប់គម្រោងសន្តិសុខការពារជាតិ ត្រូវបានគ្រប់គ្រង និងប្រើប្រាស់ដោយតម្លាភាពដែរឬទេ? ហើយហេតុអ្វីបានជាបណ្តោយឱ្យមន្ត្រីនគរបាលទៅប្រចាំការក្នុងអគារដែលសាងសង់មិនទាន់រួចរាល់ ខ្វះជញ្ជាំងការពារខ្លួន រហូតដល់ក្លាយជាគោលដៅដ៏ងាយស្រួលសម្រាប់ក្រុមឧទ្ទាមបាញ់ប្រហារតាមទំនើងចិត្តបែបនេះ?

សរុបមកព្រឹត្តិការណ៍បាញ់ស្រោច ៧៥គ្រាប់លើប៉ុស្តិ៍នគរបាលស្រុកសាយបុរីនេះ មិនមែនគ្រាន់តែជាបញ្ហាសន្តិសុខធម្មតានៅតំបន់ភាគខាងត្បូងប្រទេសថៃនោះទេ ប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីដំបៅរលួយក្នុងប្រព័ន្ធរដ្ឋបាល និងការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃ។ ភាពយឺតយ៉ាវក្នុងការឆ្លើយតបបន្ទាប់ពីកើតហេតុរហូតដល់ទៅ ២ថ្ងៃ និងរឿងអាស្រូវអគាររដ្ឋសាងសង់មិនទាន់រួចរាល់ព្រោះអស់ថវិកា បានបង្ហាញពីកង្វះការយកចិត្តទុកដាក់លើសុវត្ថិភាពរបស់មន្ត្រីថ្នាក់ក្រោម ដែលជាអ្នកឈរជើងផ្ទាល់នៅតំបន់ប្រឈមមុខគ្រោះថ្នាក់។

ប្រសិនបើអាជ្ញាធរថៃ នៅតែបន្តខ្វះតម្លាភាពក្នុងការប្រើប្រាស់ថវិកាជាតិបែបនេះ នោះជីវិតរបស់មន្ត្រីសន្តិសុខ និងប្រជាពលរដ្ឋស្លូតត្រង់នៅតំបន់ភាគខាងត្បូង នៅតែត្រូវបន្តស្ថិតនៅលើចុងដង្ហើម និងជាផ្ទាំងស៊ីបដ៏ងាយស្រួលសម្រាប់ក្រុមឧទ្ទាមដដែល ខណៈដែលដំណោះស្រាយសន្តិភាពពិតប្រាកដនៅតែជារឿងដ៏ឆ្ងាយសន្លឹម៕

ប្រភព៖ Bangkok Post

Share.