រាជរដ្ឋាភិបាលកម្ពុជា បានពិភក្សាសម្រេចដាក់ចេញនូវការអនុវត្តកម្មវិធីសាកល្បងលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន ដែលធ្វើដំណើរចូលមកកម្ពុជា សម្រាប់រយៈពេល៤ខែ នៅក្នុងឆ្នាំ២០២៦នេះ។ ការអនុវត្តសាកល្បងនេះ គឺក្នុងគោល​បំណង​ជំរុញវិស័យទេសចរណ៍ និងសម្រួលដល់លំហូរភ្ញៀវទេសចរចិនឱ្យកាន់តែមានភាពងាយស្រួល កក់ក្តៅ និងទាក់ទាញ។

កិច្ចសម្របសម្រួលនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង សម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ (គ.អ.ច.ទ.) ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិននេះ គឺជាយុទ្ធសាស្ត្រអាទិភាពមួយ សំដៅពង្រឹងទំនាក់ទំនងទេសចរណ៍ និងសេដ្ឋកិច្ចរវាងកម្ពុជា-ចិន។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអន្តរក្រសួង ស្ថាប័ន និងគណៈអភិបាលរាជធានី-ខេត្តទាំង១៩ សរុបប្រមាណ១០០នាក់។ កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពការងារ ក្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ ព្រមទាំងពិភាក្សាលើការអនុវត្តសាកល្បងលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនរយៈពេល៤ខែក្នុងឆ្នាំ២០២៦នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការសម្របសម្រួលការធ្វើដំណើរតាមច្រកទ្វារព្រំដែន គឺជាកិច្ចការអាទិភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការពេញចិត្តជូនភ្ញៀវទេសចរ។ គ.អ.ច.ទ. ត្រូវបានបង្កើតឡើងដើម្បីសម្រួលការធ្វើដំណើរចូល-ចេញ កាត់បន្ថយរបាំងដែលមិនចាំបាច់ បោសសម្អាតភាពអសកម្ម និងដោះស្រាយពាក្យបណ្តឹងរបស់ភ្ញៀវទេសចរនៅតាមច្រកទ្វារអន្តរជាតិទូទាំងប្រទេស។

ដើម្បីឱ្យការអនុវត្តសាកល្បងនេះទទួលបានជោគជ័យ គណៈកម្មការអន្តរក្រសួងនឹងសម្របសម្រួលការងារនៅតាមច្រកទ្វារអន្តរជាតិទាំងអស់ ដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប ព្រះសីហនុ ព្រមទាំងច្រកទ្វារដីគោក និងទឹកនានា។ វិធានការនេះក៏នឹងជួយកាត់បន្ថយនីតិវិធី និងរបាំងមិនចាំបាច់ ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនភ្ញៀវទេសចរចិន ដែលជាទីផ្សារដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ៕

Share.