ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តចាត់តំណាងដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី ចុះសួរសុខទុក្ខកម្មការិនីរងរបួសធ្ងន់៩នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

កម្មការិនីរងរបួសទាំង៩នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសចុះសួរសុខទុក្ខ ក្រុមការងារក៏បាននាំយកថវិកាចំនួន ២លានរៀល ក្នុងម្នាក់ៗ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រាលការលំបាករបស់អ្នករងរបួស ខណៈកំពុងសម្រាកព្យាបាល។

លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា ភ្លាមៗក្រោយទទួលដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ក្រុមការងារចុះសួរសុខទុក្ខអ្នករងរបួស និងរំលែកទុក្ខគ្រួសារសពភ្លាមៗ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ-កម្មការិនី។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ បានបណ្តាលឱ្យកម្មករ-កម្មការិនីស្លាប់សរុប១៤នាក់ និងរងរបួស៨៥នាក់ ក្នុងនោះ ខេត្តកំពង់ឆ្នាំងស្លាប់៩នាក់ និងខេត្តស្វាយរៀងស្លាប់៥នាក់៕


