រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ ដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល និងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការសន្សំសំចៃពេលវេលា និងកម្រៃធ្វើដំណើរ។

សេវាអនឡាញនេះ អនុវត្តលើវិស័យចំនួន៩ រួមមាន៖ ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) ការងាររដ្ឋបាល ទេសចរណ៍ សាធារណការ និងដឹកជញ្ជូន វប្បធម៌ និងវិចិត្រសិល្បៈ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែ និងថាមពល រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា តម្លៃកម្រៃសេវាតាមប្រព័ន្ធអនឡាញ គឺដូចគ្នាទៅនឹងការបង់ប្រាក់ផ្ទាល់ ដោយគ្មានការគិតថ្លៃបន្ថែមឡើយ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅតែអាចមកស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយ ក្នុងបរិវេណសាលារាជធានីភ្នំពេញ តាមអាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស ដូចដើម។

Share.