បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅថ្ងៃទី២៥ ខែឧសភា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស ដោយមានការចូលរួមពីកម្លាំងនគរបាលទូទាំងខេត្ត។

លទ្ធផលក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ បានបង្ហាញថា បទល្មើសព្រហ្មទណ្ឌមានការថយចុះ៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ដោយបង្ក្រាបបាន៧៨%។ ចំណែកបទល្មើសឧក្រិដ្ឋរំលោភសេពសន្ថវៈ ក៏មានការថយចុះរហូតដល់៥០%។ ផ្ទុយទៅវិញ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង១០០% បើធៀបនឹងរយៈពេលដូចគ្នាកន្លងទៅ។

ចំពោះបទល្មើសគ្រឿងញៀន កម្លាំងនគរបាលបានបន្តយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបជាបន្តបន្ទាប់ ទទួលបានការគាំទ្រ និងកោតសរសើរពីប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានថ្លែងកោតសរសើរដល់សមត្ថកិច្ចទាំងអស់ និងបានដាក់ទិស​ដៅ​ប​ន្តដូចជា ពង្រឹងការផ្តល់សេវាសាធារណៈ យាមល្បាត២៤ម៉ោង ទប់ស្កាត់បទល្មើសឆ្លងដែន ការស្នាក់នៅប្រមូលផ្តុំខុសច្បាប់របស់ជនបរទេស ព្រមទាំងបន្តស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ព្រមទាំងត្រៀមមធ្យោបាយពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋផងដែរ៕

Share.