សេអ៊ូល៖ ករណីដ៏រន្ធត់មួយបានកើតឡើងលើស្ត្រីជនជាតិថៃម្នាក់ ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ក្រោយពីបានរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីការទាមទាររបស់ម្ចាស់បំណុលដែលមានការប្រាក់ខ្ពស់ហួសហេតុ និងការធ្វើទុក្ខបុកម្នេញ បំបាក់មុខជាសាធារណៈពីសំណាក់អ្នកចងការប្រាក់។

សាកសពរបស់ជនរងគ្រោះឈ្មោះ អារីរ៉ាត់ (Areerat) អាយុ ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តអ៊ូប៊ុនរ៉ាត់ឆាថានី (Ubon Ratchathani) ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងទីក្រុងសេអ៊ូល រយៈពេល ២ថ្ងៃបន្ទាប់ពីស្វាមីជនជាតិកូរ៉េខាងត្បូងរបស់នាង បានរាយការណ៍ទៅប៉ូលីសពីការបាត់ខ្លួន។
តាមសម្តីរបស់បងស្រីជនរងគ្រោះ បានឱ្យដឹងថា អារីរ៉ាត់ បានចាកចេញពីស្រុកកំណើតទៅធ្វើការនៅបរទេសតាំងពីអាយុ ២០ឆ្នាំ ដោយធ្លាប់ឆ្លងកាត់ការធ្វើការនៅសិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ និងចុងក្រោយនៅកូរ៉េខាងត្បូងអស់រយៈពេល ១៥ឆ្នាំ។ នាងធ្លាប់ជាពលករខុសច្បាប់ មុនពេលទទួលបានសិទ្ធិស្នាក់នៅស្របច្បាប់តាមរយៈការរៀបការ។ បន្ទាប់ពីឈប់ធ្វើការនៅរោងចក្រ នាងបានបើកអាជីវកម្មខ្នាតតូចមួយដោយនាំចូលគ្រឿងផ្សំអាហារ និងសម្ភារៈផ្ទះបាយពីប្រទេសថៃ ដើម្បីលក់បន្តឱ្យជនជាតិថៃដូចគ្នានៅកូរ៉េខាងត្បូង។

វិបត្តិហិរញ្ញវត្ថុបានចាប់ផ្តើមឡើង នៅពេលដែលអាជីវកម្មរបស់នាងជួបបញ្ហាលំហូរសាច់ប្រាក់ ដោយសារនាងតែងតែអនុញ្ញាតឱ្យអតិថិជនជំពាក់លុយ និងផ្តល់ការបញ្ចុះតម្លៃច្រើនពេក។ ដើម្បីទប់ទល់នឹងអាជីវកម្ម នាងបានសម្រេចចិត្តខ្ចីប្រាក់ចំនួន ៣០លានវ៉ុន (ប្រហែល ៦៥០,០០០បាត ឬស្មើនឹង ១៩,៩៤២ដុល្លារអាមេរិក) ពី ស្ត្រីជនជាតិថៃម្នាក់ទៀតដែលរស់នៅកូរ៉េខាងត្បូងដូចគ្នា។
មិត្តភក្តិរបស់ជនរងគ្រោះបានទម្លាយថា ទោះបីជា អារីរ៉ាត់ បានសងប្រាក់ដើមវិញអស់ហើយក៏ដោយ ប៉ុន្តែអ្នកផ្តល់ប្រាក់កម្ចីនៅតែបន្តទារការប្រាក់ក្នុងកម្រិតខ្ពស់កប់ពពក ដែលធ្វើឱ្យទំហំបំណុលកើនឡើងទ្វេដង។ មិនត្រឹមតែរងសម្ពាធហិរញ្ញវត្ថុ និងប្រឈមនឹងជំងឺបាក់ទឹកចិត្តជាង ៥ឆ្នាំប៉ុណ្ណោះទេ ជនរងគ្រោះថែមទាំងត្រូវរងការគំរាមកំហែង និងហែកកេរ្តិ៍នៅលើបណ្តាញសង្គមពីសំណាក់ម្ចាស់បំណុល ដែលបានបង្ហោះទម្លាយរឿងបំណុល និងប្រើប្រាស់ពាក្យសម្តីដៀលត្មះ ជម្រុញឱ្យនាងធ្វើអត្តឃាតខ្លួនឯងទៀតផង។ មុនពេលកើតហេតុ នាងបានបង្ហោះវីដេអូបណ្តាំចុងក្រោយនៅលើ Facebook ប៉ុន្តែជាអកុសល មិត្តភក្តិ និងអតីតថៅកែរបស់នាង មិនអាចជួយសង្គ្រោះនាងបានទាន់ពេលវេលានោះឡើយ។

សោកនាដកម្មនេះបានលាតត្រដាងយ៉ាងច្បាស់ពីជ្រុងងងឹត និងខ្សែជីវិតដ៏ជូរចត់របស់ពលករចំណាកស្រុកថៃនៅបរទេស ដែលទាញឲ្យមានការរិះគន់លើចំណុចសំខាន់ៗមួយចំនួន ដែលជនជាតិដូចគ្នា ជម្រិតប្រាក់ជនជាតដូចគ្នានៅបរទេស វាជារឿងដ៏គួរឱ្យខ្លោចចិត្តបំផុត ដែលស្ត្រីរងគ្រោះមិនមែនរងការធ្វើបាបពីជនបរទេសឡើយ ប៉ុន្តែគឺរងគ្រោះដោយសារស្រីថៃដូចគ្នា បានឆ្លៀតឱកាសទាញយកផលប្រយោជន៍ និងជម្រិតទារការប្រាក់ហួសហេតុលើពលករដែលកំពុងជួបការលំបាក។ ជាមួយគ្នា ការប្រើប្រាស់បណ្តាញសង្គមធ្វើជាឧបករណ៍ ដើម្បីធ្វើបាបផ្លូវចិត្ត ដេញដោល និងជម្រុញឱ្យមនុស្សម្នាក់សម្លាប់ខ្លួន គឺជាបទល្មើសដ៏ធ្ងន់ធ្ងរ។ ករណីនេះឆ្លុះបញ្ចាំងពីកង្វះយន្តការការពារ និងអន្តរាគមន៍ទាន់ពេលវេលាពីសំណាក់សហគមន៍ និងអាជ្ញាធរក្នុងការទប់ស្កាត់ការហែកកេរ្តិ៍តាមអនឡាញ ដែលកំពុងក្លាយជាអាវុធសម្លាប់មនុស្សដោយគ្មានឈាម។

ជាពិសេសកង្វះការគាំទ្រផ្នែកសុខភាពផ្លូវចិត្តសម្រាប់ពលករក្រៅស្រុកនៅមានកម្រិត ស្ត្រីរងគ្រោះបានតស៊ូធ្វើការនៅបរទេសតាំងពីអាយុ ២០ឆ្នាំ និងបានប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តរហូតដល់ទៅ ៥ឆ្នាំ។ នេះបង្ហាញថា ពលករចំណាកស្រុកភាគច្រើនត្រូវបានមើលរំលងផ្នែកសុខភាពផ្លូវចិត្ត និងខ្វះខាតបណ្តាញសុវត្ថិភាព ឬទីប្រឹក្សាផ្លូវច្បាប់ និងផ្លូវចិត្តពីសំណាក់ស្ថាប័នរដ្ឋ ឬស្ថានទូត នៅពេលដែលពួកគេជួបវិបត្តិទាល់ច្រកនៅក្នុងប្រទេសដទៃ។
យ៉ាងណាម៉ិញ ជីវិតរបស់អារីរ៉ាត់ បានបញ្ចប់ទៅហើយ ប៉ុន្តែវានៅតែជាការដាស់តឿនដល់រដ្ឋាភិបាលខ្លួន ក្នុងការរៀបចំប្រព័ន្ធគាំពារពលករខ្លួនឯងនៅក្រៅប្រទេសឱ្យបានដិតដល់ជាងនេះ ដើម្បីកុំឱ្យសោកនាដកម្មព្រោះតែលុយចងការ បែបនេះកើតឡើងជាបន្តទៀត៕

