រាជធានីភ្នំពេញ៖ បទប្បញ្ញត្តិថ្មីរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពី “គោលនយោបាយ គ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែល ផលិតចំណីអាហារ ដើម្បីនាំចូលទៅកាន់ប្រទេសចិន”។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មី ស្តីពី «គោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារ សម្រាប់ការនាំចូល ផលិតផលចំណីអាហារទៅកាន់ប្រទេសចិន» ដើម្បីធានាសុវត្ថិភាពចំណីអាហារនាំចូលទៅចិន។
បើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលនេះ បទប្បញ្ញត្តិថ្មីនេះ មានគោលបំណងធានាសុវត្ថិភាពចំណី អាហារនាំចូលក្នុងប្រទេសចិន និងបន្តនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចំណីអាហារ ដែលនឹងត្រូវចូលជាធរមាននៅ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
សេចក្ដីប្រកាសបន្តថា ដើម្បីធានាបាននូវដំណើរការនាំចេញផលិតផលចំណីអាហារពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សហគ្រាសផលិតចំណីអាហារដែលមានបំណងនាំផលិតផលរបស់ខ្លួនចូលទៅប្រទេសចិនទាំងអស់ ត្រូវត្រៀមលក្ខណៈអនុវត្តស្របតាមនីតិវិធី និងបទប្បញ្ញត្តិថ្មី ដូចមានចែងក្នុងឯកសារភ្ជាប់ជូនមកជាមួយ៕


