សភាកម្ពុជា និងអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា(AIPA) បានរៀបចំនូវសន្និសីទស្ដីពីអភិបាលកិច្ចអាកាសធាតុ បន្ទាប់ពីមើលឃើញថា ការប្រែប្រួលអាកាសធាតុបានលេចឡើងជាបញ្ហាប្រឈមដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សន្និសីទស្ដីពីអភិបាលកិច្ចអាកាសធាតុ ដែលរៀបចំឡើងនៅនៅវិមានរដ្ឋសភា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ មានគោលបំណងពង្រឹងសមត្ថភាពសមាជិកសភា និងមន្ត្រីសភានៃរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរការរៀបចំគោល នយោបាយពាក់ព័ន្ធនឹងអាកាសធាតុ ក៏ដូចជាជំរុញឱ្យមានកិច្ចសន្ទនាប្រកបដោយស្ថាបនា រវាងសមាជិកសភា មន្ត្រីសភា អ្នកជំនាញ និងភាគីពាក់ព័ន្ធនានា សំដៅគាំទ្រដល់ការប្តេជ្ញាចិត្តផ្នែកអាកាសធាតុរបស់កម្ពុជា។

ឯកឧត្តម ជៀម យាប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា ចាត់ទុកវេទិកានេះជាការផ្ដល់ឱកាសដ៏ពិសេសមួយ ក្នុងការសហការ និងធ្វើការងាររួមគ្នា ដើម្បីសម្រេចគោលដៅរួមគ្នា ដែលក្នុងនោះ ការសម្របសម្រួលផ្នែកច្បាប់ ការចែករំលែកនូវចំណេះដឹង ជំនាញបច្ចេកទេស ការអនុវត្តល្អៗ និងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។ ឯកឧត្តម បានថ្លែងថា វិបត្តិនៃការប្រែប្រួលអាកាសធាតុ គ្មានប្រទេសណាមួយអាចយកឈ្នះសមរភូមិនេះតែឯងបានឡើយ។ ដូច្នេះ ចាំបាច់ត្រូវរួបរួមគ្នាជាសំឡេងតែមួយ និងទិសដៅតែមួយ ជាមួយនឹងសកម្មភាពដែលស្របគ្នា ដើម្បីការពារប្រជាជន។

លោកស្រី Anna Victoria Veloso-Tuazon អនុប្រធានគណៈកម្មាធិការពិសេសស្តីពីកិច្ចការអាស៊ាន បានថ្លែងថា សមាជិកសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តថ្នាក់តំបន់ និងថ្នាក់ជាតិ ទៅជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ សមាជិកសភាជាតួអង្គស្នួលក្នុងការអនុម័តច្បាប់ពាក់ព័ន្ធនឹងអាកាសធាតុ ការត្រួតពិនិត្យការអនុវត្តរបស់រដ្ឋាភិបាល ការអនុម័តលើការបែងចែកថវិកា និងការធានាឱ្យមានគណនេយ្យភាព ក្នុងការសម្រេចបាននូវការប្តេជ្ញាចិត្តថ្នាក់ជាតិស្តីពីអាកាសធាតុ។


តំបន់អាស៊ាន ស្ថិតក្នុងចំណោមតំបន់ ដែលងាយរងគ្រោះបំផុតនៅលើសកលលោក ដោយសីតុណ្ហភាពមធ្យម បានកើនឡើងប្រមាណ១.១អង្សាសេ ធៀបនឹងកម្រិតមុនយុគសម័យឧស្សាហកម្ម។ ការព្យាករណ៍នានាបានបង្ហាញបន្ថែមទៀតពីការកើនឡើងនៃសីតុណ្ហភាពជាបន្តបន្ទាប់ ក្នុងករណីដែលគ្មានការពង្រឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយទេនោះ ដែលវានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច សន្តិសុខស្បៀងនិងទឹក ភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង។


នៅក្នុងបរិបទតំបន់នេះ កម្ពុជាប្រឈមមុខនឹងបញ្ហាប្រែប្រួលអាកាសធាតុដែលកំពុងបន្តវិវឌ្ឍ ដោយផលប៉ះពាល់ នានាកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ការកើនឡើងនៃ សីតុណ្ហភាព គ្រោះរាំងស្ងួតអូសបន្លាយ ភាពមិនទៀងទាត់នៃរបបទឹកភ្លៀង និងការកើនឡើងនៃគ្រោះទឹកជំនន់ បន្តដាក់សម្ពាធលើធនធានទឹក ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅ។ ហានិភ័យទាំងនេះកាន់តែមានភាព ធ្ងន់ធ្ងរឡើង ដោយសារការប្រឈមមុខរបស់កម្ពុជាទៅនឹងទឹកជំនន់ទន្លេ និងទឹកជំនន់តាមរដូវនៅក្នុងតំបន់ទំនាប និងតំបន់មានប្រជាជនរស់នៅកកកុញ ព្រមទាំងភាពងាយរងគ្រោះដែលកំពុងកើនឡើងចំពោះអាកាសធាតុក្តៅខ្លាំង ។

ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ក្នុងការការពង្រឹងការប្តេជ្ញាចិត្តផ្នែកគោលនយោបាយ និងស្ថាប័នរបស់ខ្លួនចំពោះសកម្មភាពអាកាសធាតុ។ កិច្ចខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់រួមមាន៖ ការប្រើប្រាស់យន្តការ REDD+ ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការដោះស្រាយបញ្ហាការបំភាយឧស្ម័នពីវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី(FOLU) តាមរយៈការអភិរក្សព្រៃឈើ និងការ គ្រប់គ្រងដីធ្លីប្រកបដោយចីរភាព។

ទន្ទឹមគ្នានេះ កម្ពុជា ក៏បានជំរុញក្របខ័ណ្ឌគោលនយោបាយជាច្រើនផងដែរ ដែលរួមមាន៖ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣(NDC3.0) ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤-២០៣៣ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន(LTS4CN) យុទ្ធសាស្ត្ររ៉េដបូកជាតិកម្ពុជា (REDD+) និងវិធានប្រតិបត្តិការសម្រាប់ការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

អត្ថបទ៖ត្រយងតូច

Share.