ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មពីហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ការចុះពិនិត្យនេះផ្តោតលើស្ថានភាពនៅតំបន់ដែលកម្ពុជាអះអាងថា ត្រូវបានយោធាថៃវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន។

សេចក្តីប្រកាសបញ្ជាក់ថា ការចុះសង្កេតការណ៍នេះបង្ហាញពីភាពចាំបាច់ក្នុងការចាប់ផ្តើមវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ឱ្យបានឆាប់ ដើម្បីធានាឱ្យពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅដោយសុវត្ថិភាព និងមានកិត្តិយស។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានអះអាងបន្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមពាក់ព័ន្ធរវាងកម្ពុជា-ថៃ ដើម្បីស្តារប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែន៕

Share.