អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺជាផ្លូវការមួយ ដោយធ្វើការទាត់ចោលទាំងស្រុងនូវព័ត៌មានមិនពិត (Fake News) ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម WeChat ជាភាសាចិន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ។

ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានគណនីបណ្តាញសង្គមមួយចំនួន បានចែកចាយព័ត៌មានបំភ្លៃការពិត ដោយចោទប្រកាន់ថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោកនឹងត្រូវរឹតបន្តឹងខ្លាំង ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ តទៅ ដោយហាមឃាត់បុគ្គលទាំងប្រុសទាំងស្រីដែលមានអាយុក្រោម ៤០ឆ្នាំ មិនឱ្យចូលប្រទេសកម្ពុជា ទោះបីជាមានទិដ្ឋាការ ឬឯកសារអាជីវកម្មត្រឹមត្រូវក៏ដោយ»

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន​បញ្ជាក់ថា មន្ត្រីនគរបាលអន្តោប្រវេសន៍មិនដែលទទួលបានគោលការណ៍ ឬការណែនាំណាមួយ ក្នុងការរឹតបន្តឹង ឬហាមឃាត់មនុស្សដែលមានអាយុក្រោម ៤០ឆ្នាំ មិនឱ្យចូលមកប្រទេសកម្ពុជានោះទេ។ រាល់ការធ្វើដំណើរ ចេញ-ចូល តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសំខាន់ៗ ទាំងផ្លូវអាកាស និងផ្លូវគោក គឺនៅតែបន្តដំណើរការពិនិត្យបែបបទជាប្រក្រតី មិនមានការផ្លាស់ប្តូរ ឬរាំងស្ទះណាមួយឡើយ។ យ៉ាងណាមិញ​ចំពោះ​វិធានការរឹតបន្តឹងបច្ចុប្បន្ន គឺធ្វើឡើងស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងជនបរទេស និង «ទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់» តែប៉ុណ្ណោះ។ ដោយឡែក ភ្ញៀវទេសចរបរទេស សមាគមអ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសស្របច្បាប់ នៅតែទទួលបានការគាំពារ និងលើកទឹកចិត្តយ៉ាងពេញទំហឹង។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បាន​ជម្រាបជូន​នូវដំណឹងល្អបន្ថែមសម្រាប់​ភ្ញៀវទេសចរណ៍បរទេស​ ដោយកម្ពុជានឹងផ្តល់ការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិន ដែលធ្វើដំណើរផ្ទាល់ពីប្រទេសចិន។ អ្នកដំណើរចិននឹងទទួលបានការអនុញ្ញាតឱ្យស្នាក់នៅរយៈពេល ១៤ថ្ងៃ ក្នុងអំឡុងពេលយុទ្ធនាការ ៤ខែ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពី ថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

សេចក្តីបំភ្លឺនេះ ធ្វើឡើងដើម្បីជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិ កុំឱ្យមានការភាន់ច្រឡំ និងបន្តចូលរួមចំណែកប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានមិនពិត ដែលបង្កផលប៉ះពាល់ដល់សង្គមជាតិ៕

Share.