ក្រុមហ៊ុន Meta ដែលជាមេធំរបស់បណ្តាញសង្គមយក្ស Facebook, Instagram និង WhatsApp បានប្រកាសកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំជាថ្មីម្តងទៀត ដោយបានបញ្ឈប់បុគ្គលិកប្រមាណ ៨,០០០នាក់ ដែលស្មើនឹង ១០% នៃកម្លាំងពលកម្មសរុបរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Time Of India នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ។

យោងតាមប្រភពព័ត៌មាន ការបញ្ឈប់បុគ្គលិកលើកនេះត្រូវបានអនុវត្តជា ៣ដំណាក់កាលទៅតាមតំបន់ផ្សេងៗគ្នា ដោយចាប់ផ្តើមដំបូងគេនៅតំបន់អាស៊ី (រួមទាំងការិយាល័យកណ្តាលប្រចាំតំបន់នៅសិង្ហបុរី) នៅម៉ោង ៤:០០ទៀបភ្លឺ (ម៉ោងក្នុងស្រុក) មុននឹងបន្តទៅកាន់តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។ បុគ្គលិកមួយចំនួនត្រូវបានបង្គាប់ឱ្យធ្វើការពីផ្ទះ មុនពេលទទួលបានអ៊ីមែលជូនដំណឹងពីការបញ្ឈប់ពីការងារ។

ដើម្បីសម្រាលផលប៉ះពាល់ ក្រុមហ៊ុន Meta បានផ្តល់កញ្ចប់ទូទាត់សំណង សម្រាប់បុគ្គលិកនៅសហរដ្ឋអាមេរិក ដែលរួមមាន៖ ប្រាក់ខែគោលចំនួន ១៦ សប្តាហ៍ (បូករួមបន្ថែម ២ សប្តាហ៍សម្រាប់រាល់ឆ្នាំនីមួយៗនៃការបម្រើការងារ), ការរ៉ាប់រងលើថ្លៃធានារ៉ាប់រងសុខភាព (COBRA) រយៈពេល ១៨ ខែ និងសេវាកម្មជួយជ្រោមជ្រែងក្នុងការស្វែងរកការងារថ្មី។

នៅក្នុងអ៊ីមែលផ្ញើទៅកាន់បុគ្គលិកទាំងអស់ លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta បានថ្លែងអំណរគុណ និងលាគ្នាទៅកាន់អ្នកដែលត្រូវចាកចេញ ព្រមទាំងបានផ្តល់ការសន្យាសំខាន់ៗចំនួន២ ទៅកាន់បុគ្គលិកប្រមាណ ៧០,០០០នាក់ដែលកំពុងបន្តការងារដោយលោកបានធានាថា ក្រុមហ៊ុនមិនមានគម្រោងបញ្ឈប់បុគ្គលិកក្នុងកម្រិតទូទាំងក្រុមហ៊ុនទៀតឡើយ សម្រាប់ពេញមួយឆ្នាំ២០២៦នេះ ដើម្បីរក្សាស្ថិរភាពផ្លូវចិត្ត និងទំនុកចិត្តការងារ។

លោក Zuckerberg បានទទួលស្គាល់ដោយត្រង់ថា ក្រុមហ៊ុនមានចំណុចខ្វះខាតក្នុងការផ្តល់ព័ត៌មានទៅកាន់បុគ្គលិកនៅដំណាក់កាលមុន ដែលធ្វើឱ្យបុគ្គលិកជាច្រើនត្រូវរស់នៅក្នុងភាពស្រពិចស្រពិល និងបារម្ភក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ លោកសន្យថា នឹងធ្វើឱ្យការផ្ដល់ព័ត៌មានមានភាពល្អប្រសើរ និងច្បាស់លាស់ជាងមុន។

យោងតាមរបាយការណ៍បច្ចេកវិទ្យា ហេតុផលចម្បងនៃការកាត់បន្ថយបុគ្គលិក ៨,០០០នាក់នេះ មិនមែនដោយសារក្រុមហ៊ុនជួបវិបត្តិខាតបង់ថវិការនោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយលើកម្លាំងមនុស្ស ដើម្បីយកថវិកាទាំងនោះទៅបង្កើនការវិនិយោគលើផ្នែកបញ្ញាសិប្បនិម្មិត (AI) វិញ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុន Meta គ្រោងនឹងចំណាយទុនយ៉ាងច្រើនទ្វេដងធៀបនឹងឆ្នាំ២០២៥ ទៅលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ , ការផលិតបន្ទះឈីបផ្ទាល់ខ្លួន និងការបណ្តុះបណ្តាលម៉ូដែល AI ជំនាន់ថ្មី សម្រាប់មន្ទីរពិសោធន៍ Meta Superintelligence Labs របស់ខ្លួនផងដែរ៕

ប្រភព៖ Time Of India

Share.