សម្តេចធិបតី ​ហ៊ុន ម៉ាណែត លើកឡើងថា សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធ និងឧបករណ៍ទំនើបៗទេ តែដោយសារទ័ពមានភាពអង់អាចក្លាហាន មោះមុត និងហ៊ានលះបង់។

ក្នុងនោះនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការហើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយព្រះរាជក្រម ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ដើម្បីពង្រឹងធនធានមនុស្សក្នុងវិស័យការពារជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកច្បាប់នេះជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។ គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងសង្គមមួយដែលប្រកបទៅដោយធនធានមនុស្សមានវិន័យ សីលធម៌ សមត្ថភាព និងមនសិការស្នេហាជាតិខ្ពស់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធ និងឧបករណ៍ទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាតិមួយដែលខ្លាំងក្នុងវិស័យការពារជាតិ គឺដោយសារមានកងទ័ពដែលពោរពេញទៅដោយភាពអង់អាចក្លាហាន មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥតលក្ខខណ្ឌ ហើយមានប្រជាជនទាំងមូលនៅពីក្រោយ»។

យ៉ាងណាមិញ សម្តេចធិបតី ប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាពចំពោះការចូលបំពេញកាតព្វកិច្ចយោធា ដោយចាត់ទុកនោះជាកិត្តិយសដ៏ឧត្តុង្គឧត្តម ព្រមទាំងបានថ្លែងថា បទពិសោធន៍ និងការឈឺចាប់កន្លងមក គឺជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយយុវជនត្រូវត្រៀមខ្លួនជួយជាតិនៅពេលដែលជាតិត្រូវការ៕

Share.