អាជ្ញាធររដ្ឋតេឡាំងកាណា (Telangana) ភាគកណ្តាលប៉ែកខាងត្បូងនៃប្រទេសឥណ្ឌាបានទម្លាយឱ្យដឹងថា ស្ថានភាពអាកាសធាតុក្តៅខ្លាំងហួសប្រមាណ បានបណ្តាលឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់បាត់បង់ជីវិតចំនួន ១៦ នាក់ហើយ។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ខ្លួនបានរៀបចំផែនការផ្តល់ប្រាក់ឧបត្ថម្ភសងដល់គ្រួសារជនរងគ្រោះ ដែលមានទឹកប្រាក់សរុបប្រមាណ ៤,២០០ ដុល្លារអាមេរិក ព្រមទាំងបានចេញសេចក្តីជូនដំណឹងព្រមានប្រជាពលរដ្ឋថា ស្ថានភាពអាកាសធាតុនឹងនៅតែបន្តក្តៅខ្លាំងបន្ថែមទៀត។

ជាទូទៅ អាជ្ញាធរឥណ្ឌានឹងចាប់ផ្តើមប្រកាសអាសន្នព្រមានប្រជាពលរដ្ឋ នៅពេលដែលសីតុណ្ហភាពនៅតំបន់វាលទំនាបហក់ឡើងលើសពី ៤០ អង្សាសេ និងលើសពី ៣០ អង្សាសេសម្រាប់តំបន់ភ្នំ។ ខណៈពេលដែលតំបន់ភាគច្រើននៃប្រទេសឥណ្ឌា បានជួបប្រទះនឹងរលកកម្តៅ (Heatwave) តាំងពីខែមេសាកន្លងទៅ ដោយនៅក្នុងរដ្ឋអានធប្រាដេស (Andhra Pradesh) មានមនុស្សស្លាប់ ២១ នាក់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលព្រោះកម្តៅថ្ងៃ (Heatstroke)។
លើសពីនេះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តម្រូវការប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសឥណ្ឌាបានកើនឡើងដល់កម្រិត ២៧០ ហ្គីហ្គាវ៉ាត់ (Gigawatts) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ បណ្តាលឱ្យតំបន់ជាច្រើននៅភាគខាងត្បូងនៃប្រទេស ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីលើផ្ទៃដីយ៉ាងទូលំទូលាយ។
យោងតាមទិន្នន័យពីសន្ទស្សន៍គុណភាពខ្យល់សកល (AQI) បានរកឃើញថា នៅពេលនេះ ទីតាំងដែលក្តៅបំផុតនៅលើពិភពលោកទាំង ២៥ កន្លែង គឺសុទ្ធតែស្ថិតនៅក្នុងប្រទេសឥណ្ឌាទាំងអស់ ជាពិសេសនៅក្នុងរដ្ឋស៊ូទ្រប្រាដេស (Uttar Pradesh) ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេបំផុតក្នុងប្រទេស ដោយមានទីក្រុងរហូតដល់ទៅ ៤ ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥។ ក្នុងនោះ ទីក្រុង អេតាវ៉ា (Etawah) នៃរដ្ឋខាងលើ បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលក្តៅជាងគេបំផុតនៅលើពិភពលោក ដោយមានសីតុណ្ហភាពឡើងដល់ ៤៨ អង្សាសេ។
ខណៈពេលដែលនៅក្នុងទីក្រុងញូដេលី និងទីក្រុងក្បែរខាង សីតុណ្ហភាពនៅតែបន្តកើនឡើងលើសពី ៤០ អង្សាសេពេញមួយសប្តាហ៍កន្លងទៅ ដែលធ្វើឱ្យការប្រើប្រាស់អគ្គិសនីហក់ឡើងដល់កម្រិតកំពូល ដោយសារតែប្រជាពលរដ្ឋត្រូវបើកម៉ាស៊ីនត្រជាក់ និងកង្ហារយ៉ាងខ្លាំងដើម្បីកាត់បន្ថយកម្តៅ។

ក្រៅពីអាកាសធាតុក្តៅខ្លាំងនៅពេលថ្ងៃ សីតុណ្ហភាពនៅពេលយប់ក៏នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ដែលធ្វើឱ្យប្រជាពលរដ្ឋស្ទើរតែគ្មានពេលសម្រាកដកដង្ហើមធូរស្រាលពីភាពហប់ឡើយ។
តាមប្រវត្តិសាស្ត្រ សរុបទិន្នន័យសីតុណ្ហភាពខ្ពស់បំផុតជាផ្លូវការរបស់ប្រទេសឥណ្ឌា គឺស្ថិតក្នុងកម្រិត ៥១ អង្សាសេ ដែលត្រូវបានវាស់វែងឃើញនៅទីក្រុងផាឡូឌី (Phalodi) រដ្ឋរាជស្ថាន (Rajasthan) កាលពីឆ្នាំ ២០១៦។
សម្រាប់ស្ថានភាពអាកាសធាតុក្តៅខ្លាំងនៅក្នុងប្រទេសឥណ្ឌា ជាទូទៅតែងតែកើតមានឡើងចន្លោះពីខែមីនា ដល់ខែមេសា ជារៀងរាល់ឆ្នាំ ហើយនៅពេលឈានចូលដល់ខែឧសភា សីតុណ្ហភាពនៅពេលថ្ងៃអាចធ្លាក់ដល់កម្រិត ៥០ អង្សាសេ មុនពេលដែលកម្តៅចាប់ផ្តើមថយចុះវិញនៅក្នុងខែមិថុនា នៅពេលដែលរដូវមូសុងមកដល់។
ដោយឡែក នៅក្នុងឆ្នាំនេះ គេរំពឹងថារដ្ឋស៊ូទ្រប្រាដេស មធ្យប្រាដេស (Madhya Pradesh) និងរដ្ឋរាជស្ថាន នឹងត្រូវបន្តប្រឈមមុខនឹងស្ថានភាពអាកាសធាតុក្តៅខ្លាំងបែបនេះ រហូតដល់ថ្ងៃទី ២៨ ខែឧសភា ខាងមុខនេះ៕

