យោងតាមការចុះផ្សាយរបស់ New Straits Times បានឲ្យដឹងថា សហព័ន្ធ​​សី​ប៉ាក់​តា​ក្រ​ម៉ា​ឡេ​ស៊ី The Malaysia Sepak Takraw Federation (MSF) បាន​ដាក់​ពាក្យបណ្តឹង​​ទៅ​កាន់​សហព័ន្ធ​សី​ប៉ាក់​តា​ក្រ​ម៉ា​អន្តរជាតិ (ISTAF) ជុំវិញ​ការមិនពេញចិត្តចំពោះ​មន្ត្រីជាន់ខ្ពស់​ថៃ​មួយ​ចំនួននៅវគ្គ​ផ្តាច់ព្រ័ត្រ​ផ្នែក​បុរស​ព្រឹត្តិការណ៍​សី​ប៉ាក់​តា​ក្រ​ជើងឯក​ពិភពលោក​ឆ្នាំ​២០២៦ (Sepaktakraw World Cup 2026) នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។

ពាក្យបណ្តឹង​នេះ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី និង​ក្រុម​ថៃ នៅ​ឯ​កីឡដ្ឋាន Titiwangsa ការ​ប្រកួត​ផ្នែក​បុរស​វិញ្ញាសា​ក្រុម​៣​នាក់ (Regu Event) បាន​រង​ការ​រំខាន​ដោយ​ភាព​ចលាចល បន្ទាប់​ពី​ក្រុម​ថៃ​បាន​ដកខ្លួន​ចេញពី​ការ​ប្រកួត នៅ​ពាក់កណ្តាល​ទី ដើម្បី​តវ៉ា​នឹង​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល ហើយ​ក្រោយមក​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ក្នុង​លទ្ធផល ២ទល់​នឹង១​។

ម៉ាឡេស៊ីបន្តទៀតថាអំឡុង​ពេល​មាន​ភាព​ចម្រូងចម្រាស​កើតឡើង​ពី​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​ក្នុង​ការ​ប្រកួត​សិត​ទី ៣ គេ​បាន​សង្កេត​ឃើញ​មន្ត្រី​ថៃ​៣​រូប ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​ក្រុម និង​បញ្ជី​ប្រកួត​ផ្លូវការ​នោះ បាន​ចូល​ទៅ​ជិត និង​ចោមរោម​គ្នា​នៅ​តំបន់​កៅអី​បម្រុង​របស់​ក្រុម​ថៃ អំឡុង​ការ​ប្រកួត​កំពុង​ដំណើរការ​។

លោក​បាន​បន្ត​ថា ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កីឡា​សី​ប៉ាក់​តា​ក្រ​ថៃ និង​ជា​តំណាង​ដែល​កាន់​តំណែង​សំខាន់​ៗ​នៅ​ក្នុង​ចលនា​កីឡា និង​រចនាសម្ព័ន្ធ​អូ​ឡាំ​ពិ​ក ទ​ង្វើ​នេះ គឺជា​រឿង​ដ៏​គួរ​ឱ្យ​ខកចិត្ត និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដែល​បាន​សង្កេត​ឃើញ​មន្ត្រី​ទាំងនោះ មិន​បាន​ជួយ​សម្រួល​ស្ថានការណ៍ ឬ​លើកទឹកចិត្ត​ឱ្យ​កីឡាករ​ថៃ​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ ដើម្បី​បញ្ចប់​ការ​ប្រកួត​ឱ្យ​ស្រប​តាម​ច្បាប់​នៃ​ការ​ប្រកួត និង​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រកួត​នោះ​ទេ​។

ផ្ទុយ​ទៅ​វិញ វត្តមាន និង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​មន្ត្រី​ទាំងនោះ​ជាមួយនឹង​កីឡាករ អំឡុង​ពេល​ផ្អាក​ការ​ប្រកួត ហាក់បីដូចជា​បាន​រួមចំណែក​បន្ថែម​ទៀត​ដល់​ការ​រំខាន និង​ភាព​មិន​ច្បាស់លាស់​ជុំវិញ​ស្ថានភាព​ប្រកួត នៅ​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​មួយ​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

Share.