ភ្នំពេញ ៖ ក្នុងពេលដែលស្ថានភាពពិភពលោកកំពុងស្ថិតក្នុងភាពរង្គោះរង្គើដោយសារវិបត្តិសកល មេទ័ពការទូតកម្ពុជាបានចេញមកប្រកាសជំហរយ៉ាងរឹងមាំនៅលើឆាកអន្តរជាតិ ដោយសង្កត់ធ្ងន់លើតម្លៃនៃសន្តិភាព និងការចរចាថាជាផ្លូវជ្រើសរើសតែមួយគត់ដើម្បីស្ថិរភាពពិភពលោក។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។

នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាជាតិ ដោយលើកឡើងពីទស្សនទានគន្លឹះក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។

នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយយ៉ាងស្រួចស្រាវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ»។ ជំហរនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិសុខនិងស្ថិរភាពសកល។

ដកស្រង់ចេញពីបទពិសោធន៍ប្រវត្តិសាស្ត្រដ៏ជូរចត់ និងជោគជ័យពិតប្រាកដរបស់កម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ជាថ្មីថា រាល់ជម្លោះទាំងអស់ដាច់ខាតត្រូវតែដោះស្រាយតាមរយៈ ការសន្ទនា ការទូត
និងការគោរពច្បាប់អន្តរជាតិ។ មេទ័ពការទូតរូបនេះបានរំលឹកថា ផ្លូវការទូតនិងការចរចា គឺជាឱសថទិព្វតែមួយគត់ដែលអាចបញ្ចប់សង្គ្រាម និងនាំមកវិញនូវសន្តិភាពប្រកបដោយចីរភាព មិនមែនអាវុធនោះឡើយ។

មុននឹងបញ្ចប់សុន្ទរកថាដ៏មានអត្ថន័យនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានតំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសហគមន៍អន្តរជាតិ។ ចំពោះការដឹងគុណនេះ គឺផ្តោតលើការគាំទ្រដ៏មានតម្លៃនាពេលកន្លងមក ដែលបានជួយជ្រោមជ្រែងឱ្យមានការឈប់បាញ់ និងជំរុញការដោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជាគំរូមួយដ៏ល្អស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

សូមជម្រាបថា សេចក្តីថ្លែងការណ៍របស់ប្រមុខការទូតកម្ពុជានៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅពេលនេះ មិនត្រឹមតែបង្ហាញពីភាពចាស់ទុំខាងនយោបាយការបរទេសរបស់កម្ពុជានោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកផ្តល់នូវទស្សនវិស័យដ៏ត្រឹមត្រូវមួយ សម្រាប់ពិភពលោកទាំងមូលក្នុងការស្វែងរកច្រកចេញពីវិបត្តិភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន៕

Share.