ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៤និង០០នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្នើសុំសហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងតាមឃាត់ខ្លួនជនសង្ស័យជនជាតិសាម៉នចំនួន ២នាក់ តាមសំណើសហប្រតិបត្តិការពីសមត្ថកិច្ចប្រទេសវៀតណាម ពាក់ព័ន្ធករណីឃាតកម្ម ។

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញរបស់ឯកឧត្ត ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ​ ស្រេង​ ព្រះរាជអាជ្ញា កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១៥និង៣០នាទី ថ្ងៃដដែល បានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

ជនសង្ស័យរួមមាន៖

​១.ឈ្មោះ VAA VAA ភេទប្រុស ជនជាតិសាម៉ន កើតថ្ងៃទី០៨-១១-១៩៩៩ ។

​ ២.ឈ្មោះ TAFIA STEVE ភេទប្រុស ជនជាតិសាម៉ន កើតថ្ងៃទី០៨-១០-២០០៣ ។

វត្ថុតាងចាប់យករួមមាន លិខិតឆ្លងដែន ២ក្បាល ទូរស័ព្ទ ៣គ្រឿង និងសម្លៀកបំពាក់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងរៀបចំប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី ៕

Share.