ភ្នំពេញ៖ ប្រទេសកម្ពុជា និងឡាវ បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួមមួយនៅថ្ងៃទី២៥ ឧសភា នៅរាជធានីភ្នំពេញ កន្លងទៅ ដើម្បីសិក្សាពីលទ្ធភាពតភ្ជាប់បណ្តាញអគ្គិសនីឆ្លងព្រំដែន។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមផែនការសកម្មភាពថាមពលអាស៊ាន (APAEC) ២០២៦-២០៣០ ដោយមានការសម្របសម្រួលពីមជ្ឈមណ្ឌលថាមពលអាស៊ាន និងការឧបត្ថម្ភថវិកាពីធនាគារពិភពលោក។

ក្រុមអ្នកស្រាវជ្រាវនឹងវាយតម្លៃលើស្តង់ដារបច្ចេកទេស ក្របខ័ណ្ឌច្បាប់ និងយុទ្ធសាស្ត្របញ្ជូនថាមពល ដើម្បីបើកផ្លូវឱ្យមានការធ្វើពាណិជ្ជកម្មអគ្គិសនីរវាងប្រទេសទាំងពីរ។ គម្រោងបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) មានគោលដៅសម្រេចឱ្យបាន ៣០% នៃថាមពលកកើតឡើងវិញក្នុងការផ្គត់ផ្គង់ថាមពលបឋមសរុប និង ៤៥% នៃសមត្ថភាពដំឡើងអគ្គិសនីត្រឹមឆ្នាំ២០៣០។

គួរបញ្ជាក់ថា ឡាវបានក្លាយជាប្រទេសដំបូងគេដែលលក់ថាមពលកកើតឡើងវិញផ្ទាល់ទៅកាន់បណ្តាញអគ្គិសនីចិន តាមរយៈខ្សែបញ្ជូន ៥០០ kV ដំណើរការកាលពីចុងខែមេសា។ លើសពីនេះ ឡាវក៏កំពុងផ្គត់ផ្គង់ថាមពលស្អាតដល់សិង្ហបុរី ឆ្លងកាត់ថៃ និងម៉ាឡេស៊ី ក្រោមគម្រោង LTMS-PIP ដែលឈានដល់ ២០០ មេហ្គាវ៉ាត់ផងដែរ៕

Share.