បាងកក៖ ផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនរហូតផ្អើលបណ្ដាញសង្គម ក្រោយទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ ចូលមើលការផ្សាយផ្ទាល់សកម្មភាពប្រយុទ្ធល្បែងស្នេហ៍ដ៏ស្រើបស្រាលផ្ទាល់ពីអ្នកសម្ដែង តែចុងក្រោយបានត្រឹមតែដោះសារថាជាការចូលទៅស៊ើបអង្កេត។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែឧសភាកន្លងទៅ ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (DDC) បានបង្ខំចិត្តចេញមុខមកបកស្រាយជាបន្ទាន់ ក្រោយពីគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ត្រូវបានគេប្រទះឃើញចូលទស្សនាការផ្សាយផ្ទាល់ (Livestream) វីដេអូអាសអាភាសលើបណ្ដាញសង្គម។

ដោយឡែក ការធ្វើសកម្មភាព Livestream ឬផ្សាយផ្ទាល់ៗឱ្យអ្នកទស្សនាបានឃើញសកម្មភាពប្រយុទ្ធយ៉ាងក្ដៅសាច់ គឺបានកើតឡើងនៅមុនមួយថ្ងៃផ្ទុះការរិះគន់នៅលើបណ្ដាញសង្គម ពោលគឺនៅថ្ងៃទី ២៣ ខែឧសភា។ ភ្លាមៗនោះ អ្នកលេងហ្វេសប៊ុកជនជាតិថៃសម្ដែងអារម្មណ៍ហួសចិត្ត និងផ្ទុះការសើចចំអក ព្រោះតែសុខៗស្រាប់តែ Notification បានលោកឡើងក្នុងវីដេអូនោះថា៖ «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល កំពុងទស្សនាជាមួយអ្នក»។

ដោយហេតុមើលឃើញថា មន្ត្រីរដ្ឋថៃកំពុងតែធ្វើសកម្មភាពខុសវិន័យនិងក្រមសីលធម៌ ដោយយកផេកផ្លូវការនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាលថៃចូលទស្សនារឿងក្ដៅសាច់បែបនេះ នៅអំឡុងពេលនោះ ក្រុមអ្នកលេងបណ្ដាញសង្គមបាននាំគ្នាថតទុក ឬ Screenshot ពីការចូលទស្សនារបស់នាយកដ្ឋានខាងលើនោះ បង្ហោះចែកចាយតៗគ្នា ព្រមទាំងចូលទៅខំមិនចំអកឡកឡើយ និងរិះគន់ចំៗទៅលើអ្នកគ្រប់គ្រងផេករបស់ស្ថាប័នរដ្ឋមួយនេះថា «យកម៉ោងធ្វើការទៅមើលរឿងកូនជ្រូក»។

ក្រៅពីផេករបស់នាយកដ្ឋានមួយនេះ ក៏មានគណនីល្បីៗ និងមានសញ្ញាគ្រីសខៀវមួយចំនួនទៀត រងការអាម៉ាស់ដោយសារតែលោតឈ្មោះចូលមើលវីដេអូនេះផងដែរ។

ដើម្បីទប់ទល់នឹងរលកនៃការរិះគន់ក្នុងប្រអប់ខំមិន អ្នកគ្រប់គ្រងផេករបស់នាយកដ្ឋាន បានចូលទៅពន្យល់ថា មានអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានផ្ញើ Link វីដេអូនោះចូលក្នុងប្រអប់សាររបស់ផេក ដើម្បីស្នើសុំឱ្យស្ថាប័នជួយពិនិត្យ ដោយសារខ្លាចថា វីដេអូអាសអាភាសនោះអាចនឹងប៉ះពាល់ដល់ក្មេងៗ។ អ្នកគ្រប់គ្រងផេកផ្លូវការនាយកដ្ឋានរូបនោះអះអាងថា ខ្លួនគ្រាន់តែចុចចូលទៅមើលភ្លាមៗដើម្បីផ្ទៀងផ្ទាត់ រួចក៏ប្រញាប់ចាកចេញ និងធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកតែម្ដងប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យមហាជនកាន់តែហួសចិត្តថែមទៀតនោះ គឺ អ្នកគ្រប់គ្រងផេករូបនេះថែមទាំងបានយក «វីដេអូណែនាំពីរបៀបប្រើប្រាស់ស្រោមអនាម័យ» ទៅខំមិនបង្ហោះនៅក្រោមវីដេអូកូនជ្រូកនោះ ជាលេសដោយធ្វើពើជាឆ្លៀតឱកាសអប់រំពីសុខភាពផ្លូវភេទប្រកបដោយសុវត្ថិភាព។

បច្ចុប្បន្នខាងប៉ូលិសបច្ចេកវិទ្យាថៃ កំពុងតែបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកម្ចាស់គណនីហ្វេសប៊ុកដែលជាអ្នកឡាយ (Live) សកម្មភាពក្ដៅសាច់នោះ និងអ្នកដែលពាក់ព័ន្ធទាំងអស់មកសួរនាំ។

ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏បានចេញលិខិតព្រមានដល់សាធារណជនផងដែរថា ការចូលទស្សនា ឬការចែកចាយបន្តនូវវីដេអូអាសអាភាសតាមប្រព័ន្ធអនឡាញ ប្រឈមមុខនឹងត្រូវជាប់ទោសក្នុងពន្ធនាគាររហូតដល់ ៥ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត (ប្រហែលជិត ៣,០០០ដុល្លារអាមេរិក) ឬត្រូវទទួលរងទណ្ឌកម្មទាំង២ តែម្ដង៕

ប្រភព៖ The Thaiger

Share.