នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា ការកែច្នៃផលិតផលកសិកម្ម ត្រូវបានចាត់ទុកជាការងារអាទិភាព ដើម្បីបង្កើតតម្លៃបន្ថែមដល់ផលិតផលកសិកម្មជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែង។

ក្នុងឱកាសអញ្ជើញជាអធិបតីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥។ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ និងមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតីបានថ្លែងបន្ថែមថា ការកែច្នៃផលិតផលកសិកម្ម ត្រូវបានចាត់ទុកជាការងារអាទិភាព ដើម្បីបង្កើតតម្លៃបន្ថែមដល់ផលិតផលកសិកម្មជាតិ លើកកម្ពស់ភាពប្រកួតប្រជែង បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាកសិករខ្មែរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយបានសម្រាលបន្ទុកអាជីវកម្មជាបន្តបន្ទាប់ និងសម្រួលប្រតិបត្តិការអាជីវកម្មជាលំដាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពក្នុងវិស័យកសិកម្មជាទូទៅ និងអនុវិស័យឧស្សាហកម្មដោយឡែក សម្រាប់ជំរុញការកែច្នៃផលិតផលកសិកម្ម។ គោលដៅគឺដើម្បីប្រែក្លាយការនាំចេញវត្ថុធាតុដើមសុទ្ធសាធ ឱ្យទៅជាការកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុក ទៅជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបម្រើការនាំចេញពិតប្រាកដ។
គួរបញ្ជាក់ផងដែរថា រោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលមានទីតាំងនៅខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

